
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ បានលើកឡើងថា ការខាតបង់ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ អាចនឹងមានរហូតដល់ ១៣៣ លានបាតឬស្មើនឹងប្រមាណជាង៤លានដុល្លារអាមេរិក។
អាជីវកម្មដែលរងគ្រោះនៅក្នុងខេត្តចំនួន១០នោះ មាន៣៦ សហគ្រាសគឺជារោងចក្រខ្នាតតូច និងមាន៣៨៧ សហគ្រាសទៀត គឺជាសហគ្រាសសហគម។ សហគ្រាសទាំងអស់នោះ មានដូចជារោងម៉ាស៊ីនកិនស្រូវ រោងចក្រផលិតទឹកស្អាត ភេសជ្ជៈ សហគ្រាសកែច្នៃឈើ និងគ្រឿងសង្ហារឹម។
ក្រសួងឧស្សាហកម្មថៃ កំពុងសហការជាមួយនឹងធនាគារអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមថៃ SME D Bank សម្រាប់ការផ្ដល់កម្ចីចាប់ពី ៥០ម៉ឺនបាត ឬស្មើនឹងប្រមាណ ជាង១៦.០០០ ដុល្លារ សម្រាប់សហគ្រាសនីមួយ ដែលមានអត្រាការប្រាក់ទាបជាងទីផ្សារ គឺអត្រាការប្រាក់០,១៤៥% ក្នុងមួយឆ្នាំ សម្រាប់កម្ចីបន្ទាន់យកទៅប្រើប្រាស់លើការស្ថាបនាជួសជុលសហគ្រាសដែលខូចខាត និងអត្រាការប្រាក់០,៥៥% ក្នុងមួយឆ្នាំ គឺសម្រាប់សហគ្រាសជាប្រភេទសហគ្រាសឆ្លាតវៃ Smart SME។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ បានលើកឡើងថា ក្រសួងមានគម្រោងនឹងស្វែងរកកិច្ចសហប្រតិបត្តិការពីភ្នាក់ងាររដ្ឋពាក់ព័ន្ធ លើការគាំទ្រវិធានការនេះ ដើម្បីជួយដល់សហគ្រាសនៅតាមខេត្តអាចបន្តសកម្មភាពអាជីវកម្មរបស់ពួកគេបន្ទាប់ពីទឹកជំនន់។
មិនតែប៉ុណ្ណោះ ក្រសួងក៏មានគម្រោងនឹងផ្ដល់ជូនការផ្អាកការសងបំណុលសម្រាប់រយៈពេល៤ខែ សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមដែលរងផលប៉ះពាល់ដោយសារតែគ្រោះមហន្ដរាយទឹកជំនន់នេះផងដែរ ដើម្បីកាត់បន្ថយការចំណាយហិរញ្ញវត្ថុរបស់ពួកគេ៕