ការជជែកដេញដោលនឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះតទៅ រួចមករដ្ឋសភានឹងធ្វើការបោះឆ្នោតដកសេចក្តីទុកចិត្តពីនាយករដ្ឋមន្ត្រីថៃរូបនេះ។
លោក សំពុង អាម៉នវីវ៉ាត់ ប្រធានគណៈបក្ស ភឿថៃ ដែលត្រូវបានគេស្គាល់ថា ជាគណៈបក្សប្រឆាំងដ៏សកម្មមួយក្នុងប្រទេសថៃ បានចាប់ផ្តើមការជជែកដេញដោល ដោយប្រើពាក្យសម្តីធ្ងន់ៗទៅលើលោកប្រយុទ្ធថា ជាមនុស្សក្រអឺតក្រទម មានអំណាចក្នុងដៃតែមិនស័ក្តិសមនឹងដឹកនាំប្រទេសនោះទេ។
មេដឹកនាំគណៈបក្សប្រឆាំងរូបនេះបន្តថា៖ ប្រសិនបើគេអនុញ្ញាតឱ្យលោកប្រាយុទ្ធចាន់អូរចា បន្តការដឹកនាំប្រទេសតទៅទៀត វានឹងនាំឱ្យមានមនុស្សកាន់តែច្រើនឆ្លងមេរោគកូវីដ១៩ និងស្លាប់បាត់បង់ជីវិតជាមិនខាន។
គួរជម្រាបថា នេះគឺលើកទី៣ហើយចាប់តាំងពីឆ្នាំ២០១៤មក ដែលលោកប្រាយុទ្ធ ចាន់អូចា ក្នុងនាមជានាយករដ្ឋមន្ត្រី ត្រូវបានសមាជិកសភាជជែកសួរដេញដោល ក្នុងសំណុំរឿងផ្សេងៗគ្នា ប៉ុន្តែនៅរាល់លើក បក្សប្រឆាំងនៅតែមិនអាចទាញទម្លាក់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធបានឡើយ។
សាស្ត្រាចារ្យជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ មកពីសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ បានបង្ហាញការយល់ឃើញថា ការដេញដោលសួរនាំនេះ នឹងមិនអាចឈានទៅទាញទម្លាក់លោក ប្រាយុទ្ធ ចេញពីដំណែងក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថៃបានដោយងាយៗនោះទេ ប៉ុន្តែវាគ្រាន់តែអាចកាត់បន្ថយប្រជាប្រិយភាពរបស់លោកប្រាយុទ្ធក្នុងចំណោមសាធារណជនតែប៉ុណ្ណោះ។
គួរកត់សម្គាល់ថា ការឈានទៅដល់ការបោះឆ្នោតដកសេចក្តីទុកចិត្តពីនាយករដ្ឋមន្ត្រីថៃដូចនេះ
ធ្វើឡើងនៅស្របពេលដែលយុវជន អ្នកនិយមប្រជាធិបតេយ្យថៃ
នៅរៀងរាល់ចុងសប្តាហ៍តែងតែចេញមកប្រមូលផ្តុំគ្នា
ធ្វើបាតុកម្មទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង ដោយហេតុថា
ពួកគេមិនពេញចិត្តនឹងការដឹកនាំរបស់លោកប្រយុទ្ធក្នុងការទប់ទល់
និងដោះស្រាយវិបត្តិកូវីដ១៩ ជាពិសេសវិបត្តិសេដ្ឋកិច្ចតែម្តង។
សូមជម្រាបថា មិនមែនតែលោកប្រយុទ្ធនោះទេ ដែលនឹងត្រូវសមាជិកសភាមកពីបក្សប្រឆាំងសួរដេញដោល ប៉ុន្តែនៅមានរដ្ឋមន្ត្រីសំខាន់ៗចំនួន ៥រូបផ្សេងទៀត ដែលនឹងត្រូវចូលខ្លួនមកឆ្លើយនឹងសំណួររបស់សភាថៃ ក្នុងនោះរួមមាន រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងការងារ រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និង រដ្ឋមន្ត្រីក្រសួងកសិកម្ម។
យ៉ាងណាមិញ លោកប្រាយុទ្ធ ចាន់អូចា និង រដ្ឋមន្ត្រីសុខាភិបាលថៃ លោក អានូទីន ចាន់វីរ៉ាគុល ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកដែលរងការសួរដេញដោលច្រើនជាងគេ ដោយហេតុថា អ្នកទាំងពីរធ្វើការជិតស្និទ្ធនឹងគោលនយោបាយសម្រាប់ទប់ទល់នឹងកូវីដ១៩៕