ស្របពេលដែលវិបត្តិកូវីដ១៩ នៅអូសបន្លាយ វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ នៅតែបន្តស្ងាត់ភ្ញៀវទេសចរអន្តរជាតិហើយសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ស្ងប់ស្ងាត់ដែរ ក្នុងនោះ ក៏នៅមានភ្ញៀវទេសចរអន្តរជាតិមួយចំនួន ដែលនៅជាប់គាំងក្នុងប្រទេសថៃ ដែលសភាពាណិជ្ជកម្មថៃ បានព្យាយាមស្នើសុំឲ្យ មានការយកចិត្តទុកដាក់ក្នុងករណីនេះ។
ប្រធានសភាពាណិជ្ជកម្មថៃ បានស្នើជាច្រើនលើក ដល់ការិយាល័យអន្តោប្រវេសន៍ ពិចារណាពន្យារពេលទិដ្ឋាការដោយស្វ័យប្រវត្តិសម្រាប់ ភ្ញៀវទេសចរណ៍អន្តរជាតិ រយៈពេល ៣០ថ្ងៃ បន្ទាប់ពីទិដ្ឋាការហួសសុពលភាព ក៏ប៉ុន្តែសំណើនេះ មិនត្រូវបានគេយកចិត្តទុកដាក់ទាល់តែសោះ។
លោកបន្តថា នៅពេលកាលបរិច្ឆេទផុតសុពលភាពមកដល់ បញ្ហាធំជាច្រើន នឹងកើតមានឡើង សម្រាប់ ភ្ញៀវទេសចរបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ដោយសារតែ ជើងហោះហើរអន្តរជាតិជាច្រើនមិនទាន់ត្រូវបានបើកដំណើរការពេញលេញ នៅឡើយនោះទេ។
សភាពាណិជ្ជកម្មថៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ពុំគួរដាក់ភ្ញៀវទេសចរទាំងអស់នោះ ទៅក្នុងបញ្ជីខ្មៅនោះទេ គឺគួរតែស្វាគមន៍ពួកគេ ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសនៅពេលដែល ប្រទេសថៃ កំពុងតែខ្វះខាតចំណូលពី វិស័យទេសចរណ៍។
បើតាមប្រធានសមាគមទេសចរណ៍ខេត្តឈៀងម៉ៃ បានអះអាងដែរថា អំឡុងពេល ៦ខែចុងក្រោយបន្ទាប់ពីវិបត្តិកូវីដ-១៩ អាជីវកម្មក្នុងស្រុក ដូចជា សណ្ឋាគារ អាហារដ្ឋាន និងផ្ទះជួល នៅតែអាចបន្តរកប្រាក់ចំណូលបានមកពី ភ្ញៀវទេសចរបរទេស ដែលនៅជាប់គាំងក្នុងប្រទេសថៃនេះ ហើយភាគច្រើនពួកគេ គឺភ្ញៀវទេសចរជនជាតិចិន និងមួយចំនួនទៀតមកពីជប៉ុន និងអឺរ៉ុប។
គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៩ វិស័យទេសចរណ៍ថៃ បានចូលរួមជំរុញដល់ កំណើនសេដ្ឋកិច្ចជាតិថៃ ដោយរកប្រាក់ចំណូលបានប្រមាណ ៦០ពាន់លានដុល្លារអាមេរិក និងកាន់កាប់ចំណែក ១៨% នៃ GDP សរុប តែយ៉ាងណាក៏ដោយ គិតចាប់ពីខែមីនា ឆ្នាំ ២០២០មក វិបត្តិកូវីដ១៩ បានធ្វើឲ្យ ថៃ មិនអាចទទួលភ្ញៀវទេសចរបរទេស និងមានការរឹតបន្តឹងលើការធ្វើដំណើរកម្សាន្តក្នុងស្រុក ដែលធ្វើឲ្យ ប្រាក់ចំណូល នៅក្នុងវិស័យទេសចរណ៍ កាន់តែធ្លាក់ចុះថែមទៀត៕