តម្លៃខុនដូថៃ​​ធ្លាក់ចុះ

តម្លៃខុនដូលក់មិនដាច់នៅថៃ ត្រូវបាន​រំពឹងថានឹងបន្ដដាំក្បាលចុះ!


ខុនដូលក់មិនដាច់ និងបានសាងសង់ជិតរួចរាល់ដើម្បីផ្ដល់ជូនអ្នកទិញនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ថ្លៃ ដោយសារតែកត្តាអវិជ្ជមាននៅពីក្រោយទាក់ទងនឹងអ្នកទិញសម្រាប់ទុកវិនិយោគ និងតម្រូវការជាក់ស្ដែង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវមួយរបស់ស្ថាប័នប្រឹក្សាយោបល់អចលនវត្ថុធំមួយនៅប្រទេសថៃ។
ខុនដូក្បែរសាលា និងមន្ទីរពេទ្យ នៅក្រុងបាងកក នៅតែពេញនិយមទិញ ដោយភ្ញៀវចិន (រូបភាព៖ Bloomberg)
ដោយ

អគ្គនាយិកា​ស្ថាប័ន​ប្រឹក្សាយោបល់​អចលនវត្ថុ Nexus Property Marketing Co. លោកស្រី Nalinrat Chareonsuphong បាន​បញ្ជាក់​នៅក្នុង​សារព័ត៌មាន បាងកកប៉ុស្ដិ៍នាពេល​ថ្មីៗនេះថា​កត្តាអវិជ្ជមាន​នៅឆ្នាំ២០២០ ដែលកំពុងធ្វើឲ្យប៉ះពាល់​ដល់​វិស័យខុនដូ​នៅប្រទេសថៃនោះ គឺរួមមានទាំង ភាពមិនច្បាស់លាស់​ក្នុង​សេដ្ឋកិច្ច​សកល និងសេដ្ឋកិច្ចថៃ, ការដាក់កម្រិតលើ​ប្រាក់កម្ចី, ប្រាក់បាតថៃឡើងថ្លៃខ្ពស់ និង​ពន្ធថ្មីលើដីធ្លី និង​អគារ។

លោកស្រី Nalinrat បាននិយាយថា «តម្លៃលុយបាតកើនឡើង គឺមិនបាន​លើកទឹកចិត្ត​ជនបរទេសនោះទេ ខណៈដែល​អ្នកទិញ​សម្រាប់ការវិនិយោគ​បាន​ចាកចេញ នៅពេលដែល​ការដាក់កម្រិត​លើប្រាក់កម្ចី បាន​ចូលជាធរមាន​កាលពីខែ មេសាឆ្នាំនេះ។ លើសពីនេះ ពន្ធលើ​ដីធ្លី និង​អគារ​នឹង​មានឥទ្ធិពលផ្លូវចិត្ត​ទៅលើអ្នកដែល​ចង់ទិញ​ខុនដូ​សម្រាប់​ជួល»។ 

ដើម្បីជំរុញទីផ្សារ​អចលនទ្រព្យ​នៅឆ្នាំក្រោយ លោក ស្រី Nalinrat បាន​ស្នើឲ្យមានការលើកទឹកចិត្ត​រួមមាន ការកាត់បន្ថយ​ការចំណាយ​លើការផ្ទេរ និង​ប្រាក់កម្ចីមាន​ទ្រព្យបញ្ចាំ មកនៅត្រឹម​០,០១% ដែលគ្រប​ដណ្ដប់លើ​ខុនដូ​គ្រប់តម្លៃទាំងអស់ មិនមែនមានតែលើ​ខុនដូ​ដែលមាន​តម្លៃប្រមាណ​​១០ ម៉ឺនដុល្លារ ឬតិចជាងនេះ​នោះទេ។

ស្ថាប័នស្រាវជ្រាវទីផ្សារ​ Nexus បានរកឃើញថា ចំនួន​ខុនដូ​ដែលលក់​មិនដាច់​នៅក្រុងបាងកក បានកើនឡើង​ដល់ ៦២.៧០០ យូនីត នៅក្នុងឆ្នាំ២០១៩ ខណៈដែល​ខុនដូលក់​មិនដាច់សរុប​មាន​ ៦៥៤.២០០ យូនីត។ ការបើកលក់​ខុនដូ​ថ្មីៗ​នៅក្រុងបាងកក នៅឆ្នាំ ២០១៩ ក៏មាន​ការធ្លាក់ចុះ​ ២៩% ផងដែរ ធៀបនឹងឆ្នាំ២០១៨ ពោលគឺ​នៅមានត្រឹមតែ​៤៣.០០០ យូនីតប៉ុណ្ណោះ។ 

ទីតាំង​សំខាន់បំផុត​៣ ដែលមានការ​បើកលក់ខុនដូថ្មីៗច្រើនជាង​គេនៅឆ្នាំនេះ គឺស្ថិតនៅ​តាមបណ្ដោយ​ខ្សែបណ្ដាញពង្រីក​ផ្លូវ​រថភ្លើង ឬផ្លូវដឹកជញ្ជូន​ធំៗ ដោយបានដឹកមុខ​ដោយ ខណ្ឌ ថុនបូរី តាមបណ្ដោយផ្លូវ ផេត កាសេម ក្នុងក្រុងបាងកក ដែលមាន​១០.១០០ យូនីត ស្មើនឹងប្រមាណ​២៣% និងត្រូវបាន​តាមពីក្រោយដោយ តំបន់មាន​ការពង្រីក​​មានផ្លូវរថភ្លើង​នៅភាគខាងជើង ដែលជាប្រភេទ​ខ្សែរថភ្លើងពណ៌ខៀវ ក្នុង​ខណ្ឌPhra Khanong និង Suan Luang ដែលមាន​៧.៨០០ យូនីត ស្មើនឹង​ប្រមាណ ១៨% និង​តំបន់តាមខ្សែរថភ្លើង​ពណ៌លឿង ក្នុង​ខណ្ឌ Phrao និង Wang Thong Lang មានង ៦.១០០ យូនីត​ ស្មើនឹង ១៤%។

តំបន់​ផ្លូវ ផេត កាសេម ក្នុងខណ្ឌ ថុន បូរី ត្រូវបានគេមើលឃើញថា មានកំណើន​ការផ្គត់ផ្គង់ខុនដូ​ខ្ពស់ជាងគេបំផុត ដែលមាន​កំណើនដល់ទៅ ៦៣% ដោយសារតែ​គម្រោង​ពង្រីក​ខ្សែរថភ្លើង ទើបតែ​ត្រូវបាន​បញ្ចប់រួចរាល់ ហើយតម្លៃដីធ្លី​នៅក្នុងតំបន់នោះ ក៏នៅមាន​ទាបនៅឡើយ។ 

តម្លៃមធ្យមនៃខុនដូថ្មី នៅក្នុងក្រុងបាងកក មានការកើនឡើង ត្រឹមតែ ០,៩% ធៀបនឹង​ឆ្នាំ ២០១៨ ដែលមានតម្លៃកើន​ឡើង​មកដល់ត្រឹមតែ​ប្រមាណ ៤.៧០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលកំណើននេះ គឺជាកំណើន​ទាបបំផុត​ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលកំណើន​ជាមធ្យម​កាលពីមុនមក គឺមាន​៨%។

នៅឆ្នាំ២០១៩នេះ ការផ្គត់ផ្គង់ខុនដូ បាន​ផ្លាស់ប្ដូរ​មកទីផ្សារ​ថ្នាក់កណ្ដាលវិញ ដែលតម្លៃក្នុងមួយ យូនីត ចន្លោះពី ប្រមាណ ២.៥០០ ដុល្លារ ទៅ៣.៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃខុនដូ​ជាមធ្យម​នៅឆ្នាំ២០១៩​នេះ គឺធ្លាក់ចុះ១៥% ទាបជាង​ឆ្នាំ២០១៨។ 

តម្លៃសរុប​នៃ​ខុនដូថ្នាក់កណ្ដាល ដែលបាន​ដាក់លក់នៅ​ក្រុងបាងកក នៅឆ្នាំនេះ បាន​កើនឡើងដល់​ទៅប្រមាណ ៣ពាន់លាន​ដុល្លារអាមេរិក ដែលកាលពីឆ្នាំមុន មានតែ​ប្រមាណ ១,៧ ពាន់លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ រីឯតម្លៃខុនដូ​ថ្នាក់ខ្ពស់វិញ បង្ហាញពីការផ្គត់ផ្គង់​ធ្លាក់ចុះ គឺនៅមានតែ​តែប្រមាណ ២,៤ ពាន់លាន​ដុល្លារប៉ុណ្ណោះ ខណៈដែលកាល​ពីឆ្នាំមុន​មាន​ជាង ៤,៦ ពាន់​លាន​ដុល្លារអាមេរិក។

តម្រូវការ​ខុនដូ​ក្នុងក្រុងបាងកក​នៅឆ្នាំនេះ សរុប​មាន ៤៣.២០០ យូនីត ធៀបនឹង​ខុនដូ​បើកលក់ថ្មី មាន​២០.៧០០ យូនីត នៅឆ្នាំ២០១៩ ហើយមាន​ខុនដូ​ ២២.៥០០ យូនីត បាន​បើកលក់​កាលពីឆ្នាំមុនៗ៕  

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាមិនឲ្យមានបញ្ហាកង្វះថាមពលអគ្គិសនីទៀតទេ នៅឆ្នាំ២០២០

នាយករដ្ឋមន្ត្រីវៀតណាម លោក ក្វៀន សៀនហ្វុក កាលពីពេលថ្មីៗនេះ បានបញ្ចាមិនឲ្យមានបញ្ហាកង្វះថាមពលអគ្គិសនីក្នុងប្រទេសកើតឡើងទៀតនោះទេ នៅឆ្នាំ២០២០ នៅ…

ធនាគារកូរ៉េធំមួយសម្រេចទិញភាគហ៊ុន ៧០% ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងតម្លៃប្រមាណ៦០០លានដុល្លារ

ធនាគារពាណិជ្ជកូរ៉េខាងត្បូង KB Kookmin Bank បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះថា ខ្លួនបានយល់ព្រមទិញភាគហ៊ុន ៧០% នៃគ្រឹះស្ថានមីក្រូហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ