កាសែតបាងកកប៉ុស្ដិ៍ ដែលបានស្រង់សម្ដីរបស់លោក ឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានឲ្យដឹងថា រដ្ឋាភិបាលបានស្នើឲ្យសាធារណជនទាំងអស់កុំមានការភ័យស្លន់ស្លោនឹងរឿងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬបញ្ហាសេដ្ឋកិច្ចប្រទេសខ្លាំងពេកអី ដ្បិត រាជរដ្ឋាភិបាលធានាថា ប្រទេសថៃនឹងអាចគ្រប់គ្រងស្ថានភាពដ៏លំបាកនេះបាន។
លោក Somkid និយាយទៀតថា សេដ្ឋកិច្ចថៃ “បានជួបព្យុះភ្លៀងមួយហើយ មួយទៀត” ក្នុងរយៈពេល ជិត១ឆ្នាំកន្លងមកនេះ តាំងពីមានការបោះឆ្នោត ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។ ទោះជាយ៉ាងនេះក្ដី លោក បានបញ្ជាក់ពីជំនឿចិត្តថា ប្រទេសថៃពិតជាអាចឆ្លងកាត់ព្យុះភ្លៀងទាំងអស់នោះបានជាក់ជាមិនខានឡើយ។
លោក Somkid មានប្រសាសន៍យ៉ាងដូច្នេះ «រាជរដ្ឋាភិបាល មិនចង់ឲ្យសាធារណជនមានការភ័យស្លន់ស្លោទេ។ យើងចង់ឲ្យអ្នកមានជំនឿថា ប្រទេសថៃ នឹងអាចឆ្លងកាត់ព្យុះភ្លៀងទាំងនោះបាន»។
តើរយៈពេលជិត១ឆ្នាំកន្លងមកនេះ ប្រទេសថៃបាន និងកំពុងឆ្លងកាត់ព្យុះភ្លៀងធំៗអ្វីខ្លះ?
តាមការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid បានឲ្យដឹងថា ព្យុះភ្លៀងទី១ ដែលថៃបានជួបប្រទះ គឺការពន្យារពេល៧ខែ ក្នុងការបង្កើតរាជរដ្ឋាភិបាលក្រោយការបោះឆ្នោត។ អំឡុងពេលនោះ រដ្ឋបាលចាំផ្ទះមានការលំបាកណាស់ក្នុងការចំណាយថវិកា ចាប់តាំងពីការវិនិយោគរបស់រដ្ឋ ត្រូវបានជាប់គាំង ខណៈដែលទីភ្នាក់ងារនានារង់ចាំក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មី។
ព្យុះភ្លៀងទី២ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃគួរសមដែរនោះ គឺសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការនាំចេញរបស់ថៃ ពិសេសគឺផលិតផលគ្រឿងយន្ដ អេឡិចត្រូនិក និងផលិតផលគីមី ហើយបញ្ហានេះ ក៏បានបណ្ដាលឲ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពចុះខ្សោយផងដែរ។
លោក Somkid បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ សេដ្ឋកិច្ចថៃ ត្រូវការធ្វើកំណែទម្រេង់រចនាសម្ព័ន្ធឡើងវិញ ដើម្បីទទួលបានតុល្យភាពរវាងការពឹងផ្អែកលើសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងស្រុក។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះ បានបន្ថែមទៀតថា វិស័យផលិតកម្មត្រូវតែកែលម្អឡើងវិញ ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យនាំចេញ។
ព្យុះភ្លៀងទី៣ មកលើសេដ្ឋកិច្ចថៃ គឺការកើនឡើងថ្លៃនៃប្រាក់បាត ដែលជះឥទ្ធិពលបន្ថែមដល់ការនាំចេញ។ ទោះយ៉ាងណា បច្ចុប្បន្ននេះ តម្លៃប្រាក់បាតបានចាប់ផ្ដើមថយចុះវិញហើយ ដែលវាអាចបន្ថូរបន្ថយក្ដីបារម្ភរបស់អ្នកនាំចេញបានខ្លះដែរ។
ប៉ុន្ដែ ព្យុះមួយទៀត ដែលគេចាត់ទុកថា ជាព្យុះទី៤ មកលើសេដ្ឋកិច្ចថៃនោះ ក៏ដូចជាកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសកលផងដែរនោះ គឺការផ្ទុះរាលដាលនៃវីរុសកូរ៉ូណា។ ទោះយ៉ាងណា លោក Somkid បានបញ្ជាក់ថា សាធារណជនមិនគួរភ័យជ្រួលច្របល់ខ្លាំងពេកនោះទេ ចំពោះបញ្ហានេះ ព្រោះថា ប្រទេសថៃ ធ្លាប់មានបទពិសោធន៍ឆ្លងកាត់ការឆ្លងរាលដាលមេរោគរបៀបនេះ មកច្រើនហើយ ហើយក៏អាចគ្រប់គ្រងវាបាននៅទីបំផុត។
ជាមួយគ្នានេះ ការពន្យារពេលក្នុងការបែងចែកកញ្ចប់ថវិកា ៣,២ ទ្រីលានបាត ឬស្មើនឹងប្រមាណ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២០នេះ ក៏ជាព្យុះភ្លៀងមួយដែរ កំពុងវាយប្រហារប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោក Somkid។ លោកបានបន្ថែមទៀតថា ការបែងចែកថវិកានេះ ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងខែឧសភាខាងមុខ ដែលនឹងនៅសល់ពេល ៤ខែ សម្រាប់ការចំណាយ ហើយប្រសិនបើមិនមានលុយគ្រប់គ្រាន់សម្រាប់ការវិនិយោគទេ ក្រសួងហិរញ្ញវត្ថុថៃ នឹងស្វែងរកប្រាក់កម្ចី ឬប្រើសម្រាប់ការវិនិយោគជំនួស ដូចជាមូលនិធិហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រមូលនិធិជាដើម។