ថ្នាក់ដឹកនាំកំពូលនៃប្រទេសថៃ បានបញ្ជាក់ថា ការទទួលភ្ញៀវទេសចរបរទេស មកកម្សាន្តនៅប្រទេសថៃ ត្រូវធ្វើឡើងដោយមានការកំណត់ចំនួនច្បាស់លាស់ និងដើម្បីសាកល្បងទៅលើ វិធានការគ្រប់គ្រងមេរោគរាតត្បាតរបស់ប្រទេសថៃ ថាមានប្រសិទ្ធភាពកម្រិតណា។
ការដាក់វិធានការដូច្នេះ គឺដើម្បីបន្ធូរបន្ថយភាពតានតឹងរបស់ ប្រជាពលរដ្ឋថៃ ដែលភ័យព្រួយបារម្ភថា ភ្ញៀវទេសចរបរទេស អាចនាំយករលកថ្មី នៃមេរោគកូវីដ១៩ មកកាន់ប្រទេសថៃ។
នាយករដ្ឋមន្ត្រីថៃ បន្តទៀតថា ភ្ញៀវទេសចរទាំងអស់នោះ ត្រូវតែបំពេញបែបបទ ហើយនៅពេលដែលពួកគេមកដល់ គឺត្រូវបញ្ជាក់ពី កន្លែងស្នាក់នៅរបស់ពួកគេ និងត្រូវដាក់ឲ្យនៅដោយឡែកផងដែរ។
មានប្រទេសចំនួន៦ ដែលនឹងត្រូវអនុញ្ញាតឲ្យដឹកភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសថៃបាន រួមមាន ប្រទេសដាណឺម៉ាក, អាល្លឺម៉ង់, អង់គ្លេស, កូរ៉េខាងត្បូង, ជប៉ុន និងហុងកុងប្រទេសចិន។
អ្នកជំនាញ បានអះអាងថា វត្តមានភ្ញៀវទេសចរអន្តរជាតិ សម្រាប់ប្រទេសថៃ ពិតជាសំខាន់ណាស់នាពេលនេះ បើសិនជា ថៃ មិនធ្វើអ្វីមួយនោះទេ ស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀត អាជីវកម្មជាច្រើន នឹងត្រូវបិទទ្វារ ហើយបុគ្គលិក ក៏បាត់បង់ការងារ ដូច្នេះហើយ រាជរដ្ឋាភិបាលថៃ ពិតជាមិនអាចជួយពួកគេបានទាំងអស់នោះទេ។
យ៉ាងណាក៏ដោយចុះ រាជរដ្ឋាភិបាលថៃ បាននិងកំពុងធ្វើសេចក្តីព្រាងអំពី នីតិវិធីនៃការទទួលភ្ញៀវទេសចរអន្តរជាតិ ហើយនឹងពិចារណាអំពី គោលដៅទេសចរណ៍ដំបូង ដែលអាចទទួលពួកគេបាន។
សមាគមសណ្ឋាគារថៃ កាលពីពេលថ្មីៗនេះក៏បានទទូចសុំដល់ រដ្ឋាភិបាលថៃ ដើម្បីបើកទ្វារទទួលភ្ញៀវទេសចរ ត្រលប់មកវិញ ដោយសារតែ សណ្ឋាគារជាច្រើន គ្មានភ្ញៀវចូលស្នាក់នៅទាល់តែសោះ សឹងតែ ០% ទៅហើយ ហើយខ្លះទៀត ក៏បានបិទទ្វារអាជីវកម្មដែរ។
បើតាមរបាយការណ៍ចុងក្រោយពី ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ ថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦លាន ៧សែននាក់ ធ្លាក់ចុះ ៧១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយការចំណាយរបស់ពួកគេទៀតសោត ក៏មានត្រឹមតែ ១០ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៧០%។
សូមជម្រាបដែរថា ថៃ រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ៨លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០នេះ ធ្លាក់ចុះជាង ៨០% ធៀបនឹងឆ្នាំមុន ហើយការងារជាង ២លានកន្លែង ក៏ត្រូវបាត់បង់ដោយសារតែ ការធ្លាក់ចុះដ៏ច្រើនសន្ធឹកនេះផងដែរ៕