បើតាមអាជ្ញាធរទេសចរណ៍ថៃបានសង្កត់ធ្ងន់ថា បើទោះបីជា ទីក្រុងបាងកកបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចក៏ពិតមែន តែភ្ញៀវបរទេសត្រូវកក់សណ្ឋាគារដែលសហការជាមួយមន្ទីរពេទ្យ ដើម្បីផ្តល់ការធ្វើតេស្តរកកូវីដ ១៩។ ដូច្នេះ បើក្នុងករណីពួកគេត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ នោះពួកគេអាចចូលព្យាបាលបានភ្លាមៗតែម្ដង។
ទន្ទឹមនេះ អាជ្ញាធរទេសចរណ៍ថៃបាន អនុម័តផែនការដោះស្រាយ និងផ្តល់ការព្យាបាលដល់ភ្ញៀវបរទេស ដែលឆ្លងមេរោគកូវីដក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ព្រមទាំងផែនការមួយទៀតក្នុងការបង្កើតមជ្ឈមណ្ឌលដើម្បីត្រួតពិនិត្យការបើកដំណើរការឡើងវិញរបស់ទីក្រុងបាងកកផងដែរ។
សូមជម្រាបថា ជុំវិញផែនការបើកប្រទេសឡើងវិញនេះ មានវិស័យឯកជនមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងករណីឆ្លងថ្មី ប្រសិនបើការទទួលទានគ្រឿងស្រវឹងនៅក្នុងភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យដំណើរការនៅថ្ងៃទី ១ ខែធ្នូ ទៅតាមអ្វីដែលរាជរដ្ឋាភិបាលថៃបានគ្រោងទុកមែននោះ។ដោយឡែក ប្រតិបត្តិករទេសចរណ៍ឯណោះវិញ បានខិតខំអំពាវនាវលើគម្រោងការបើកដំណើរការឡើងវិញរបស់ប្រទេសថៃ ដោយជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើមធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីដកចេញនូវការធ្វើចត្តាឡីស័កចំពោះគ្នាទៅវិញទៅមកជាមួយប្រទេសផ្សេងទៀត។ ជាក់ស្ដែង នាយកប្រតិបត្តិការពាណិជ្ជកម្ម ក្រុមហ៊ុនអាកាសចរមួយកន្លែងបាននិយាយថា ការបើកដំណើរការទៅវិញទៅមករវាងប្រទេសនឹងប្រទេសមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរអន្តរជាតិ។ ប្រសិនបើគ្មានការព្រមព្រៀងទៅវិញទៅមកទេ វាអាចនឹងគ្មានតុល្យភាពអ្នកដំណើរនោះទេ៕
អត្ថបទ៖ ស៊ើង និមល់