ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ ធ្វើបានល្អនៅក្នុងត្រីមាសទី ៣នេះ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ បន្ធូរបន្ថយដល់ ការរឹតបន្តឹងលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានដាក់ចេញនូវវិធានការគាំទ្រដល់សេដ្ឋកិច្ចជាច្រើនទៀត ជាពិសេសគឺករណីឆ្លងមេរោគកូវីដ-១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ។
តួលេខនៃសេដ្ឋកិច្ចថៃ នៅក្នុងត្រីមាសទី ៣នេះ គឺធ្វើបានល្អជាងព្យាករណ៍របស់សេដ្ឋវិទូ ១៩នាក់ ដែលស្ទង់មតិដោយសារព័ត៌មាន Bloomberg ដែលបានសន្និដ្ឋានថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះជាមធ្យម ៨% ក្នុងមួយត្រីមាស។
យ៉ាងណាក៏ដោយចុះ បន្ទាប់ពីធ្វើបានល្អនៅក្នុងត្រីមាសទី ៣នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានដំឡើងការព្យាករ GDP របស់ថៃ នៅក្នុងឆ្នាំ ២០២០នេះ ថាអាចនឹងធ្លាក់ចុះត្រឹមតែ ៦% ប៉ុណ្ណោះ ដែលការព្យាករកាលពីលើកមុន រំពឹងនឹងធ្លាក់ចុះដល់ទៅ ៨% ឯណោះ។
អគ្គលេខាធិការនៃ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ ក៏បានបន្ថែមដែរថា ទោះបីជា វិស័យទេសចរណ៍ និងជំនួញពាណិជ្ជកម្ម ត្រូវរងគ្រោះខ្លាំងដោយសារតែ វិបត្តិមេរោគកូវីដ១៩ក្តី រាជរដ្ឋាភិបាលថៃ បានប្រើប្រាស់កញ្ចប់ថវិកាជាតិ ដើម្បីជួយគាំទ្រដល់ សេដ្ឋកិច្ចជាតិ ដែលកំពុងតែលិចលង់ ហើយបញ្ហារូបិយវត្ថុជាតិចុះថោក និងការកើនឡើងនូវ អត្រាអត់ការងារធ្វើ គឺមានហានិភ័យខ្ពស់នៅក្នុងឆ្នាំ ២០២១ខាងមុខ។
គួរជម្រាបដែរថា នៅឆ្នាំ ២០២១ មានបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសថៃ ដូចជា គ្រោះរាំងស្ងួត វិបត្តិមេរោគកូវីដ១៩ ស្ថានការណ៍បម្រែបម្រួលទីផ្សារហិរញ្ញវត្ថុសកល និងការឡើងកាន់អំណាចរបស់ប្រធានាធិបតីអាមេរិកថ្មី ទោះយ៉ាងណា ថៃ រំពឹងថា GDP របស់ខ្លួននឹងកើនឡើង ៣ ទៅ ៤% ដែរនៅក្នុងឆ្នាំ ២០២១នេះ៕