បើតាមអ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ត្រូវធ្វើយ៉ាងណាគ្រប់គ្រងការឆ្លងរីករាលកូវីដ-១៩ឲ្យបានលឿនបំផុត សម្រុកការចាក់វ៉ាក់សាំងពិសេសសម្រាប់កម្មករនិយោជិត ដើម្បីអាចឈានទៅបើកប្រទេសឡើងវិញ បើពុំដូចនោះទេ សេដ្ឋកិច្ចថៃមិនត្រឹមតែមានត្រឹមកំណើនសូន្យភាគរយនោះទេ គឺអាចនឹងមានដល់ដកក្រោមសូន្យទៅទៀតនៅឆ្នាំនេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្ដីពីពាណិជ្ជកម្ម ឧស្សាហកម្ម និង ធនាគារនៃប្រទសថៃ បានកាត់បន្ថយការព្យាករពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃនៅឆ្នាំ ២០២១ថា នឹងមានមកត្រឹមតែ ០% -១,៥%ប៉ុណ្ណោះ។
លោកប៉ាយ៉ុង ស្រ៊ីវ៉ាន់និច (Payong Srivanich) ប្រធានសមាគមធនាគារថៃ បាននិយាយ ថា ការបន្តរាតត្បាតនៃមេរោគកូវីដ-១៩ និង មេរោគបំលែងថ្មីៗDelta បាននាំមានវិធានការការពារពីសំណាក់រដ្ឋាភិបាលថៃកាន់តែតឹងរឹង។ តាមរយៈវិធានការតឹងរ៉ឹងនេះ បានធ្វើឲ្យប៉ះពាល់សកម្មភាពសេដ្ឋកិច្ច ការងារ និង ប្រាក់ចំណូលរបស់កម្មករនិយោជិតជាច្រើនផងដែរ។
ជាងនេះទៀតការដាក់វិធានការតឹងរ៉ឹង លើការធ្វើដំណើរ និង ការធ្វើចក្តាឡេស័កចំនួន ១៤ ថ្ងៃ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ក្នុងស្រុកនៅត្រីមាសទីបីឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ វានក៏ធ្វើឲ្យប៉ះពាល់ដល់ការបើកប្រទេសឡើងវិញផងដែរ។
ទោះយ៉ាងណា ភាពប្រសើរឡើងនៃការនាំចេញរបស់ប្រទេសថៃ ស្របតាមការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល គឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចថៃក្នុងស្រុកឆ្នាំនេះ។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្ដីពីពាណិជ្ជកម្ម ឧស្សាហកម្ម និង ធនាគារ បានកែប្រែការព្យាករកំណើននាំចេញនៅឆ្នាំ២០២១នេះ ថានឹងកើនឡើងពី ៨ -ទៅ ១០ភាគរយ ប៉ុន្ដែវា ទាមទារឲ្យសេដ្ឋកិច្ចប្រទេសថៃត្រូវការគោលនយោបាយសាពើរពន្ធ និង រូបិយវត្ថុ ដើម្បីគាំទ្រដល់កំណើនផងដែរ។
ថ្មីៗនេះ ធនាគារកណ្ដាលរបស់ប្រទេសថៃ បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ មកនៅត្រឹម ១,៨% ខណៈដែលកាលពីមុនធ្លាប់ព្យាករថាមានកំណើន ៣%។ ការទម្លាក់ការព្យាកររបស់ធនាគារកណ្ដាលថៃនេះ គឺផ្អែកទៅលើការប៉ាន់ស្មានថាចំនួនទេសចរអន្តរជាតិនឹងមានតិច ហើយតម្រូវការក្នុងស្រុកក៏ថយចុះដែរ ដោយសារតែមានរលកឆ្លងកូវីដ-១៩លើកទី៣។
អ្នកជំនាញសេដ្ឋកិច្ចថៃ បានលើកឡើងថា ការអូសបន្លាយនៃការឆ្លងរាលដាលកូវីដ-១៩ បានប៉ះពាល់ដល់សន្ទស្សន៍ជំនឿទុកចិត្តលើអាជីវកម្ម ហើយការស្ទង់មតិរបស់ធនាគារកណ្ដាលថៃបង្ហាញថា ប្រតិបត្តិករអាជីវកម្មភាគច្រើនជឿជាក់ថា ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចអាជីវកម្ម អាចនឹងមាននៅត្រឆមាសទីពីរឆ្នាំ ២០២២ខាងមុខនេះឯណោះ។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងទៀតថា រាជរដ្ឋាភិបាលគួរពន្លឿននៃការចាក់វាក់សាំង ជាពិសេសការចាក់ជូនកម្មករនិយោជិតនៅតាមរោងចក្រ ដែលជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសថៃ។ បើតាមអ្នកជំនាញ ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងការចាក់វាក់សាំងបានទាន់ពេលវេលា និងមិនអាចបើកប្រទេសឡើងវិញតាមផែនការទេនោះ ប្រហែលមិនមានទេសចរបរទេស មកកាន់ប្រទេសថៃនោះទេ ហើយកំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃ អាចនឹងមានត្រឹម ០% ឬអាចមានដល់ដកក្រោមសូន្យទៅទៀតនៅឆ្នាំនេះ៕
អត្ថបទ៖ សុខ សិទ្ធិការ្យ