 
      រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ជាក់ថា ពន្ធថ្មីនេះ នឹងប្រមូលនៅពេលដែល ភ្ញៀវទេសចរបរទេស ចូលមកដល់ប្រទេសថៃ រាប់បញ្ចូលទាំងអស់ ទាំងការធ្វើដំណើរតាមផ្លូវអាកាស ឬតាមផ្លូវទឹក និងផ្លូវគោក។
ប្រាក់ចំណូលពីពន្ធនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុង មូលនិធិទេសចរណ៍ គ្រប់គ្រងដោយក្រសួងទេសចរណ៍ និងកីឡាថៃ ក្នុងគោលបំណងប្រើប្រាស់ថវិកានេះ អភិវឌ្ឍន៍ និងកែលម្អឡើងវិញនូវ ខ្សែចង្វាក់ផ្គត់ផ្គង់ដល់ វិស័យទេសចរណ៍ ក៏ដូចជាការផ្តល់ ការការពារសន្តិសុខ និងសុវត្ថិភាពដល់ ភ្ញៀវទេសចរណ៍ទាំងអស់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានបន្ថែមទៀតថា ពន្ធនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិ រយៈពេល ២០ឆ្នាំ ដែលបានផ្តួចផ្តើមតាំងពីឆ្នាំ ២០១៩កន្លងមកម្ល៉េះ តែត្រូវពន្យារពេលមកដល់ពេលនេះ ដោយសារតែវិបត្តិមេរោគរាតត្បាតកូវីដ១៩។
យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ថៃ បានចាត់តាំងឲ្យ សាកលវិទ្យាល័យ ណារីសួន ធ្វើការសិក្សាជាបឋម អំពី កម្រិតថ្លៃពន្ធសមរម្យ សម្រាប់ភ្ញៀវទេសចរ ដោយក្រសួងកំណត់មិនឲ្យលើសពី ១០ដុល្លារក្នុងម្នាក់នោះឡើយ។នៅពេលការសិក្សាត្រូវបានបញ្ចប់ ក្រសួងនឹងដាក់សំណើនេះទៅ គណៈរដ្ឋមន្ត្រី ដើម្បីអនុម័ត ហើយក្រសួង គ្រោងនឹងប្រកាសពន្ធថ្មីនេះ នៅត្រីមាសទី៤ ឆ្នាំ ២០២០នេះផងដែរ។
អាជ្ញាធរទេសចរណ៍ថៃ ក៏បានគាំទ្រចំពោះគម្រោងនេះផងដែរ ដោយបានលើកឡើងថា វិធានការថ្មីនេះ ជាផ្នែកមួយនៃ គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ថៃ រយៈពេលវែង ហើយបើសិនជា ថៃ ប្រើប្រាស់ថវិកាបានយ៉ាងមានប្រសិទ្ធភាព និងផ្តល់អត្ថប្រយោជន៍ដល់ ភ្ញៀវទេសចរណ៍នោះ វាមិនមែនជាឧបសគ្គទៀតនោះឡើយ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              