អ្នកនាំពាក្យរដ្ឋាភិបាលលោក ឆៃ វ៉ាចារ៉ុនកេ (Chai Wacharonke) បាននិយាយថា ក្រសួងការបរទេសបានស្នើសុំវិធានការមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ចំនួនប្រទេសដែលមានសិទ្ធិចូលដោយគ្មានទិដ្ឋាការនឹងកើនឡើងពី៥៧ ដល់៩៣ប្រទេស បន្ទាប់ពីថៃ បានដាក់បន្ថែមប្រទេសថ្មីចំនួន៣៦ទៀត ក្នុងនោះក៏មានកម្ពុជា ចិន និងឥណ្ឌាផងដែរ។
លោក វ៉ាចារ៉ុនកេ បានបន្ថែមទៀតថា ចំណែកការស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្រោមគម្រោងការណ៍ថ្មីនេះ នឹងត្រូវពង្រីករយៈពេលដល់៦០ថ្ងៃ ហើយ ថៃ ក៏នឹងអនុម័តបង្កើនចំនួនប្រទេសដែលអាចទទួលបានទិដ្ឋាការពេលទៅដល់ប្រទេសនេះ ពីចំនួន១៩ប្រទេស ដល់ចំនួន ៣១ប្រទេសផងដែរ។
ចំពោះភ្ញៀវទេសចរណាដែលចង់ធ្វើការ និងដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានានឹងអាចទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំ ដែលមានសុពលភាពសម្រាប់ការស្នាក់នៅរហូតដល់ ១៨០ថ្ងៃ ហើយអាចបន្តបាន១៨០ថ្ងៃម្ដងទៀតរហូតដល់គម្រប់ពេល៥ឆ្នាំ។
ដោយឡែកសម្រាប់និស្សិតបរទេសសិក្សានៅកម្រិតឧត្តមសិក្សាអាចបន្តស្នាក់បាននៅរយៈពេលមួយឆ្នាំបន្ថែម បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដែលកាលពីមុនមក គឺតម្រូវឱ្យពួកគេត្រូវចាកចេញពីប្រទេសនេះភ្លាមៗតែម្ដង ក្រោយបញ្ចប់ការសិក្សា។
ទន្ទឹមនេះដែរ ភ្ញៀវទេសចរដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ អាចទទួលបានទិដ្ឋាការ ស្នាក់នៅរយៈពេលយូរ ប៉ុន្តែបច្ចុប្បន្ននេះតម្រូវឱ្យដាក់ប្រាក់ធានារ៉ាប់រងសុខភាពដែលមានតម្លៃ៣លានបាតប្រហែលជាង៨ម៉ឺនដុល្លារ។ វិធានការដែលរៀបរាប់មកខាងលើនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ៕
អត្ថបទ៖ សុខ មង្គល