តាមការស្ទង់មតិមួយរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ដែលបានសាកសួរទៅកាន់មនុស្ស១ពាន់នាក់បានឲ្យដឹងថា មានពលរដ្ឋថៃភាគច្រើនមិនមានផែនការចំណាយបន្ថែមសម្រាប់ការឈប់សម្រាកនៅអំឡុងពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មីនោះទេ ហើយមានអ្នកខ្លះទៀតកំពុងពិចារណាកាត់បន្ថយការចំណាយនៅក្នុងអំឡុងថ្ងៃឈប់សម្រាកនេះថែមទៀតផង។ រីឯមានអ្នកខ្លះទៀតនិយាយថាពួកគេមានគម្រោងធ្វើដំណើរកម្សាន្ដនៅក្នុងស្រុកខ្លះដែរ។
ការស្ទង់មតិដដែលនេះ បានឲ្យដឹងទៀតថា បុណ្យសង្ក្រាន្ដឆ្នាំថ្មីថៃ នៅឆ្នាំនេះ នឹងធ្វើឡើងទាំងសោះកក្រោះ គ្មានភាពសប្បាយរីករាយអ្វីនោះទេ ប៉ុន្ដែក្រុមអ្នកជំនួញ និង អាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ការប្រារព្ធពិធីដោយមានប្រកាន់ភ្ជាប់នូវគោលការណ៍សុខាភិបាលនេះ គឺដើម្បីការពារការឆ្លងរីករាលដាលកូវីដ-១៩ ប្រសើរជាងគ្មានវិធានការការពារអ្វីសោះ។
សហព័ន្ធឧស្សាហកម្មថៃនៅតែមានសុទិដ្ឋិនិយមទៅលើពិធីបុណ្យសង្ក្រានឆ្នាំថ្មីនៅឆ្នាំនេះ និងជឿជាក់ថាថ្ងៃឈប់សម្រាករយៈពេលវែង គួបផ្សំនឹងការមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចពីរដ្ឋថៃផងនោះ វានឹងជួយលើកទឹកចិត្តឲ្យពលរដ្ឋមានការចំណាយច្រើនជាងមុនទៅក្នុងចរន្ដសេដ្ឋកិច្ច។
អាជ្ញាធរក្រុងបាងកក បានសម្រេចហាមឃាត់ការលេងជះទឹកដាក់គ្នា ការរៀចំពិធីជប់លៀង និងការប្រគុំតន្ត្រីជាដើម ដែលសកម្មភាពទាំងអស់នេះ ធ្លាប់ជាការពេញនិយមមួយសម្រាប់អ្នកដើរកម្សាន្ដនៅអំឡុងពិធីបុណ្យសង្ក្រាន្ដនៅក្នុងប្រទេសថៃ។
អាជ្ញាធរទេសចរណ៍ថៃ នៅតែរំពឹងថាជនជាតិថៃទំនងជានឹងធ្វើកម្សាន្ដនៅអំឡុងថ្ងៃឈប់សម្រាកសង្ក្រាន្ដឆ្នាំថ្មីនេះ ច្រើនជាងឆ្នាំមុន ដែលអាចនឹងមានប្រហាក់ប្រហែលនឹងថ្ងៃបុណ្យចូលឆ្នាំចិន និងមាឃបូជាកាលពីខែកុម្ភៈដែរ។ អាជ្ញាធរទេសចរណ៍ថៃ ប៉ាន់ប្រមាណថានឹងមានការធ្វើដំណើរក្នុងស្រុក៣លាន២សែនការធ្វើដំណើរ នៅអំឡុងថ្ងៃឈប់សម្រាក៦ថ្ងៃនៅសប្ដាហ៍ក្រោយនេះ និងអាចផ្ដល់ជាប្រាក់ចំណូលដល់វិស័យទេសចរណ៍ប្រមាណជិត៤០០លានដុល្លារអាមេរិក៕