ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា បាតុភូតអាកាសធាតុនេះបានទាញទម្លាក់ទិន្នផលស្រូវសរុបរបស់កសិករ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងយន្តការកិច្ចសន្យាទិញ-លក់ ព្រមទាំងលើកកម្ពស់ស្តង់ដាផលិតកម្ម និងការកែច្នៃក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមមុខនឹងបាតុភូតអែលនីណូ ទីផ្សារស្រូវអង្ករកម្ពុជា នៅតែមានសញ្ញាណវិជ្ជមានខ្ពស់ ដោយសម្រេចបានកំណើនប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះតម្រូវការអង្ករបាយទន់ អង្ករក្រអូប និងប្រភេទអង្ករ OM បានស្ទុះឡើងរហូតដល់១៥%។ លោកឧកញ៉ា បានវាយតម្លៃថា នៅចុងឆ្នាំ២០២៦ ទីផ្សារស្រូវអង្ករកម្ពុជាមានសមត្ថភាពបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងជាមួយទីផ្សារប្រទេសថៃ ខណៈការវាយលុកនាំចេញទៅកាន់ទីផ្សារប្រទេសចិន គឺជាគោលដៅយុទ្ធសាស្ត្រសំខាន់បន្ទាប់ពីទីផ្សារអឺរ៉ុប។ អ្នកជំនាញរូបនេះរំពឹងថា នៅត្រឹមឆ្នាំ២០៣០ កម្ពុជានឹងមានស្ថិរភាពទីផ្សារស្រូវអង្ករកាន់តែរឹងមាំ តាមរយៈការទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគក្នុងវិស័យនេះ។
ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានសង្កេតឃើញថា បាតុភូត អែលនីណូ បានធ្វើឱ្យទិន្នផលស្រូវរបស់កសិករធ្លាក់ចុះពី៣% ទៅ៥%ក្នុងឆ្នាំ២០២៦ ប៉ុន្តែការអន្តរាគមន៍ទាន់ពេលវេលារបស់រដ្ឋាភិបាលបានជួយស្តារ និងកាត់បន្ថយផលប៉ះពាល់បានច្រើន។ លោកបានបន្ថែមថា ស្របពេលដែលតម្រូវការទីផ្សារសកលកំពុងកើនឡើងដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជាគប្បីធ្វើពិពិធកម្មទីផ្សារបន្ថែមតាមរយៈការពង្រឹង និងពង្រីកប្រព័ន្ធកិច្ចសន្យាទិញ-លក់រវាងកសិករ និងអ្នកបញ្ជាទិញឱ្យមានតម្លាភាព, កែលម្អបច្ចេកទេសដាំដុះឱ្យស្របតាមស្តង់ដារអន្តរជាតិ និងបង្កើនសមត្ថភាពកែច្នៃ និងការវេចខ្ចប់ក្នុងស្រុក។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករបានជាង៦៣ម៉ឺនតោនដោយរកចំណូលបានជាង៣៦៧លានដុល្លារសហរដ្ឋអាម៉េរិក។ ក្នុងនោះកម្ពុជា នាំចេញទៅទីផ្សារប៉ែកអឺរ៉ុបបានជិត១៨ម៉ឺនតោន និងទៅកាន់ទីផ្សារចិនបានជាង១៧ម៉ឺនតោន ខណៈការនាំចេញទៅទីផ្សារអាស៊ានវិញមានចំនួនជិត២៣ម៉ឺនតោន៕
អត្ថបទ៖ ជា ម៉ារ៉ា