តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន សមាគមធនាគារនៅកម្ពុជាបានគូសបញ្ជាក់ថា នៅពេលថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួនបានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង«សេវាកម្ចីអនឡាញ»តាមរយៈទំព័រហ្វេសប៊ុក។ ពោលគឺជនឆបោកបានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះធនាគារណាមួយចម្លងរាល់មាតិកាដែលមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាននោះ ហើយតភ្ជាប់ទំព័រហ្វេសប៊ុកក្លែងក្លាយដែលទើបតែបង្កើតទៅនឹងគេហទំព័ររបស់ពួកគេ។ ម្យ៉ាងទៀត ជនឆបោក ក៏បានក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិកនោះ ដើម្បីទាក់ទងទៅជនរងគ្រោះក្នុងការផ្តល់សេវាកម្ចី។ បន្ទាប់មក ជនឆបោក ណែនាំទៅជនរងគ្រោះឱ្យបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេចឃូអរ (KHQR) ដើម្បីបង់សេវាផ្ទៀងផ្ទាត់នៅ CBC មុននឹងផ្តល់កម្ចី ឬដើម្បីហេតុផលណាមួយទៀត។
បើតាមសមាគមធនាគារនៅកម្ពុជាចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺជាទូទៅទំព័រហ្វេសប៊ុកក្លែងក្លាយ ពុំមានព័ត៌មានធនាគារច្បាស់លាស់ ឬមាននិមិត្តសញ្ញាធនាគា (Logo) ខុសប្លែក ពីរូបភាពដើមរបស់និមិត្តសញ្ញានោះ ហើយសំណេរនៅលើទំព័រក្លែងក្លាយជាទូទៅតែងតែខុសវេយ្យាករណ៍ និងមានការផ្សាយពាណិជ្ជកម្មដដែលៗ។
ដើម្បីទប់ស្កាត់នូវបញ្ហានេះ សមាគមធនាគារនៅកម្ពុជា ក្រើនរំលឹកដល់សារធារណជនមេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយតាមការស្កេន KHOR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ហើយក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការណែនាំផ្សេងទៀត។ សមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នឹងមិនសុំឱ្យអតិថិជនរបស់ខ្លួនផ្ដល់លេខសម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ