បន្ទាប់ពីមានក្ដីបារម្ភកាន់តែខ្លាំងទាក់ទងនឹងមេរោគបំប្លែងថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការបិទខ្ទប់ និងការរឹតបន្ដឹងជាបន្ដបន្ទាប់ ទាំងនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ និង ភ្នំពេញផងដែរ។ យ៉ាងណាមិញថ្មីៗនេះ ដើម្បីទប់ស្កាត់នូវមេរោគបំប្លែងថ្មីឌែលតា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងភ្នំពេញផងដែរ។
មេរោគបំប្លែងថ្មី ឌែលតា ត្រូវបានកម្ពុជារកឃើញឆ្លងចូលមកកម្ពុជាតាំងពីដើមខែមីនា មកម្ល៉េះ ហើយបើតាមតួលេខពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ០៣ ខែសីហាចំនួនអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី ឌែលតា ទាំងករណីរកឃើញលើពលករមកពីប្រទេសថៃ និង ករណីឆ្លងក្នុងសហគមន៍សរុបបានកើនដល់ ២៦០នាក់ហើយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបង្ហាញថា វីរុសកូវីដ១៩ ប្រភេទឌែលតា បាននិងកំពុងរីករាតត្បាតចូលទៅក្នុងសហគមន៏ហើយ ដោយភាគច្រើនករណីដែលបានរកឃើញលើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៏។ ការរាតត្បាតនេះភាគច្រើននៅតាមបណ្ដាខេត្ត ដូចជា ខេត្តឧត្តរមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ រាជធានីភ្នំពេញ និង តាមបណ្ដាខេត្តមួយចំនួនទៀត។
បន្ទាប់ពីបានបិទខ្ទប់ខេត្តចំនួន៨ ដែលភាគច្រើននៅជាប់ព្រំដែនថៃហើយនោះ ថ្មីៗនេះរាជធានីភ្នំពេញក៏ចាប់ផ្ដើមមានការបិទខ្ទប់តំបន់មួយចំនួនផងដែរ។ ជាក់ស្ដែង នៅថ្ងៃទី ៥ខែ សីហា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រយៈពល១៤ថ្ងៃ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលមេរោគបំប្លែងថ្មី ឌែលតាក្នុងសហគមន៍។ រីឯ វិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាបម្រាមគោចរពីម៉ោង ៩យប់ ដល់ម៉ោង៣ភ្លឺ និង បន្ដរហូតដល់ថ្ងៃទី ១២ ខែសីហា។
ក្រសួងសុខាភិបាលបានក្រើនរំលឹកទៅដល់ប្រជាពរដ្ឋទូទាំងប្រទេសត្រូវតែអនុវត្តន៏នូវគោលការណ៏ការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ចាប់ខ្ចួន វិធានការ ៣កុំ ៣ការពារ ជាពិសេសបន្តប្រុងប្រយ័ត្នអោយបានខ្ពស់ជាងមុននៅក្នុងស្ថានភាព នៃការឆ្លងរាតត្បាតនៃមេរោគកូវីដបំប្លែងខ្លួនថ្មីប្រភេទឌែលតានេះ ដែលមានអាត្រាឆ្លងបានយ៉ាងឆាប់រហ័សនៅក្នុងរយៈដ៏ខ្លី។
សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី ០៥ ខែសីហា កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ១៩សរុបប្រមាណជាង ៨ម៉ឺននាក់ និង អ្នកជាសះស្បើយចំនួនជាង៧ម៉ឺននាក់ និង ចំនួនអ្នកស្លាប់សរុបមានជាង ១ពាន់៥រយនាក់។
ដោយឡែក បើមើលទៅលើការចាក់វ៉ាក់សាំងវិញ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនជាង៧លាន ៧សែននាក់ហើយ ស្មើនឹងជាង ៧៥% នៃផែនការគោលដៅចាក់ ១០លាននាក់ ក្នុងនោះ អ្នកបានចាក់គ្រប់២ដូស មានជាង៥លាននាក់៕
អត្ថបទ៖ ហួន ស្រីនីត