លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា បើទោះបីជានៅឆ្នាំ២០២០នេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចពិភពលោក នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាកូវីដ ១៩ ដែលនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច រហូតដល់៥០ភាគរយ ក៏ពិតមែន ក៏ប៉ុន្តែវិស័យសំណង់នៅកម្ពុជានៅតែមានសកម្មភាពស្នើសុំការវិនិយោគពីអ្នកវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។
លោកបន្តថា ជាក់ស្តែងក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២០នេះគម្រោងស្នើសុំវិនិយោគមានរហូត៥២៣ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ មានត្រឹមតែ ជាង ៣០០គម្រោងប៉ុណ្ណោះ ជាមួយនឹងទុនវិនិយោគកើនឡើងទ្វេរដង។លោក សេង ឡូត បន្ថែមថា ការកើនឡើងវិស័យសំណង់នៅពេលនេះគឺដោយសារតែមានការស្នើសុំវិនិយោគពីគម្រោងធំៗ មានដូចជា អគារណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីនកិនស្រូវ និងឡត៍សង្ងួត តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
ឯកឧត្តមឲ្យដឹងទៀតថា ការវិនិយោគវិស័យសំណង់របស់វិនិយោគិនបរទេសនៅកម្ពុជាបច្ចុប្បន្នមាន១៨ប្រទេស ដែលក្នុងនោះចិនជាប្រទេសឈរកំពូលតារាងវិនិយោគនៅកម្ពុជា និងបន្ទាប់មកមានប្រទេសកូរ៉េ និងជប៉ុន។
ឯកឧត្តម បញ្ជាក់ថា ជារួមគិតមកដល់ពេលនេះវិស័យសំណង់នៅកម្ពុជានៅបន្តកើនឡើងដោយគ្មានការថមថយនោះទេ ជាក់ស្តែងក្នុងរយៈពេលជាមួយគ្នានេះសំណង់លំនៅដ្ឋានលក្ខណៈបុរីដែលបានវិនិយោគនៅកម្ពុជាមានចំនួនជាង ៣២៧ទីតាំង ដែលភាគច្រើនជាអ្នកវិនិយោគទុនក្នុងស្រុក និងបើគិតពីការវិនិយោគអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅកម្ពុជាមានរហូតជិត២ពាន់អគារ និងសណ្ឋាគារជាង ១ពាន់សណ្ឋាគារ ខណៈលំនៅដ្ឋានស្នាក់នៅរួមមានរហូតជាង ២៣ពាន់យូនីត៕