ស្របពេលមេរោគកូវីដ ១៩ កំពុងវាយប្រហារដល់តម្រូវការប្រើប្រាស់ប្រេងឆៅ នៅលើទីផ្សារសកល ដែលបានទាញតម្លៃប្រេង ឲ្យចុះថោករួចម្តងទៅហើយនោះ នៅពេលនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នកនាំចេញប្រេងធំជាងគេបង្អស់លើសកលលោក បានសម្រេចកាត់បន្ថយថ្លៃលក់ជាផ្លូវការ សម្រាប់ខែមេសា ខាងមុខ ដោយបញ្ចុះថ្លៃ ៦ដុល្លារ ទៅ ៨ដុល្លារក្នុងមួយបារ៉ែល សម្រាប់គ្រប់ប្រភេទប្រេងទាំងអស់។
ការធ្វើដូច្នេះ គឺដើម្បីដាក់ទណ្ឌកម្មដល់ ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេលំដាប់ទី ២ និងជាអ្នកដឹកនាំសម្ព័ន្ធចរចារជាមួយនឹង អង្គការប្រទេសនាំចេញប្រេង OPEC ដើម្បីជួយស្រោចស្រង់តម្លៃទីផ្សារប្រេងឡើង តែប្រទេសរុស្ស៊ី មិនចូលរួមកាត់បន្ថយផលិតផលកម្មប្រេង បែរជាសម្រេចដើរចេញពីការចរចារនេះ។
លើសពីនេះទៅទៀត អារ៉ាប៊ីសាអ៊ូឌីត គ្រោងនឹងជម្រុញផលិតប្រេងលើសពី ១០លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមេសា ខាងមុខ បន្ទាប់ពីកិច្ចសន្យាផ្គត់ផ្គង់រវាង អង្គការ OPEC និងរុស្ស៊ី ត្រូវបានបញ្ចប់ក្នុងដំណាច់ខែមីនានេះ។
សម្រាប់តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ បានបន្តធ្លាក់ចុះដូចជា ទីផ្សារ Brent របស់អង់គ្លេស ថយចុះប្រមាណ ៣១% មកនៅត្រឹម ៣១ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate ថមថយប្រមាណ ២៧% មកនៅត្រឹម ៣០ដុល្លារក្នុងមួយបារ៉ែល ដែលជាធ្លាក់ចុះខ្លាំងមិនធ្លាប់មាន តាំងពីឆ្នាំ ១៩៩១មកម្ល៉េះ។
សូមជម្រាបថា ដោយសារតែ មេរោគកូវីដ ១៩ បានឆ្លងរីករាលដាលទៅបណ្តាប្រទេសជាច្រើន ជាពិសេស អាមេរិក អ៊ីតាលី និងកូរ៉េខាងត្បូង បានធ្វើឲ្យ តម្រូវការប្រេងធ្លាក់ចុះ ខណៈការផលិតប្រេងឆៅទូទាំងសកល នឹងផ្គត់ផ្គង់លើសពីតម្រូវ ធ្វើឲ្យតម្លៃប្រេងចុះថោក៕