ព្រះមហាក្សត្រមានជំនឿថា រាជរដ្ឋាភិបាលថ្មីនឹងទទួលបានការគាំទ្រពីរដ្ឋសភា

ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងទទួលបានការគាំទ្រពីរដ្ឋសភា


រដ្ឋសភានីតិកាលទី៧បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនហើយកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រមានជំនឿថា រាជរដ្ឋាភិបាលថ្មីនឹងទទួលបានការគាំទ្រពីរដ្ឋសភា
ដោយ

មានព្រះរាជបន្ទូលក្នុងពិធីបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧នេះ ព្រះមហាក្សត្រនៃកម្ពុជាមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងទទួលបានការគាំទ្រពីរដ្ឋសភានៅថ្ងៃស្អែក និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ព្រះមហាក្សត្រ បានចាត់ទុកច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។

នាពិធីបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧លើកដំបូងនៅព្រឹកថ្ងៃទី២១ សីហា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ នឹងទទួលបានការគាំទ្រពីរដ្ឋសភា ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ បន្ថែមលើនេះព្រះមហាក្សត្រទ្រង់ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គមឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ធូលបន្ថែមទៀតថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។

ទន្ទឹមនឹងអបអរសាទរចំពោះការបើកសម័យប្រជុំដំបូងនៃរដ្ឋសភា និងចំពោះសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតសកលកន្លងទៅ ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះតម្រិះថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដីទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។
ព្រះអង្គមានព្រះរាជបន្ទូលបន្តទៀតថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ សម្រាប់ព្រះមហាក្សត្រ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ។
គួរបញ្ជាក់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧មានចំនួន១២៥រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា១២០រូប និងគណបក្ស ហ្វ៊ុនស៊ិនប៉ិចចំនួន៥។ នៅក្នុងការបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី៧នេះ មានការចូលឥស្សរជនជាន់ខ្ពស់ តំណាងអង្គទូតនានានៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។ បន្ទាប់ពីការបើកសម័យប្រជុំនេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាអាណត្តិនេះនឹងបើកសម័យប្រជុំរបស់បន្ត ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មជំនាញនីមួយៗនៃរដ្ឋសភា និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះកាលពីពេលកន្លងទៅ លោកជំទាវ ឃួន សុដារី ដែលជាអនុប្រធានទី២នៃរដ្ឋសភានឹងឡើងកាន់តំណែងជាប្រធានរដ្ឋសភាជំនួសសម្តេចពញាចក្រី ហេង សំរិន។ ចំណែកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសឲ្យសម្តេចតេជោ ហ៊ុន សែន ដែលនឹងត្រូវទៅកាន់តួនាទីជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលសុំសម្រាកពីការងារ និងបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា៕




អត្ថបទបន្ទាប់


ការលំបាកខាងសេដ្ឋកិច្ចធ្វើឱ្យតម្រូវការមាសនៅវៀតណាមកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់

តម្រូវការមាស នៅក្នុងទីផ្សារក្នុងស្រុករបស់វៀតណាមបានធ្លាក់ចុះ ប្រមាណជា ៩% នៅត្រីមាសទី២ នៃឆ្នាំ២០២៣ ដោយសារតែរងឥទ្ធិពលពីបញ្ហាសេដ្ឋកិច្ចខាងក្រៅ…

ការនាំចេញកង់និងគ្រឿងបង្គុំកង់នាំមុខគេក្នុងចំណោមមុខទំនិញ ដែលផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

ការនាំចេញកង់ និងគ្រឿងបង្គុំកង់ បានក្លាយជាទំនិញដែលមានការនាំចេញច្រើនជាងគេក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ពោលគឺចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ