ក្រុមហ៊ុនដែកថែបធំៗវៀតណាម បាននិយាយថា ចាប់តាំងពីដើមដើមខែកក្កដាមក ពួកគេបានបន្ទាបតម្លៃដែកថែបជាង ១៣ដុល្លារក្នុងមួយតោន ដើម្បីធ្វើយ៉ាងណាឲ្យតម្លៃដែកលើទីផ្សារមានតម្លៃទាបជាងមុន។
ការធ្លាក់ចុះនៃតម្លៃដែកថែបសម្រាប់ការសាងសង់ នៅក្នុងទីផ្សារវៀតណាម នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក៏បានចូលរួមធ្វើឲ្យតម្លៃដែកទីផ្សារពិភពលោកក៏មានការថយចុះជាងមុនបន្ដិចផងដែរ។ កត្តារួមផ្សំផ្សេងទៀត ដែលធ្វើឲ្យតម្លៃដែកថយចុះទាបជាងមុនេះ គឺដោយសារតែតម្រូវការសម្រាប់សម្ភារសាងសង់មានការចុះខ្សោយ នៅក្នុងតំបន់ខ្លះ ព្រោះតែរដូវនេះ គឺជារដូវភ្លៀងពុំសូវមានការសាងសង់ច្រើននោះទេ។
បើទោះបីជាតម្លៃដែកស្រុតចុះទាបជាងមុនបន្ដិចក្ដី ប៉ុន្ដែ ក្រុមអ្នកម៉ៅការសំណង់វៀតណាមបាននិយាយថា តម្លៃដែកនៅក្នុងស្រុក នៅតែមានខ្ពស់ ហើយបញ្ហាដែកថ្លៃខ្លាំងនេះ ក៏បានធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណេញជាច្រើនដែរ ខណៈដែលតម្លៃដែកគឺមានការចំណាយប្រមាណ ១០ ទៅ ៣០ភាគរយ នៃគម្រោងសំណង់។
យ៉ាងណាមិញ ប្រទេសវៀតណាមបានផលិតដែកថែបជិត ១២ លានតោន ជាមួយប្រភេទដែកផ្សេងៗគ្នានៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២១ ពោលគឺកើនឡើងជាង ៣៨ ភាគរយ ខណៈដែលការនាំចេញដែកវិញមានជិត ២លាន៨ សែនតោនកើនឡើង ៨០ ភាគរយ។ ក្នុងនោះ វៀតណាម បាននាំចេញដែកទៅប្រទេសចិនជាង១លានតោន កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា បញ្ហាដែកឡើងថ្លៃនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលក្រុមហ៊ុនម៉ៅការសំណង់នៅវៀតណាមប៉ុណ្ណោះទេ នៅកម្ពុជាឯណេះវិញ ក៏កំពុងប្រឈមនឹងបញ្ហាដែកឡើងថ្លៃ ហើយក្រុមហ៊ុនម៉ៅការសំណង់ជាច្រើននាពេលថ្មីៗនេះ ក៏បានត្អូញត្អែរពីការបាត់បង់ចំណូលផងដែរ ខណៈបច្ចុប្បន្ន កម្ពុជាយើងមានការនាំចូលដែកភាគច្រើនពីវៀតណាម និងប្រទេសចិន៕
អត្ថបទដោយ៖ ស៊ើង និមល់