មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងបាត់ដំបងរំពឹងថា ទីផ្សារ និងតម្លៃមៀនប៉ៃលិន ដែលជួបបញ្ហាធ្លាក់ថ្លៃ និងកង្វះទីផ្សារ នឹងមានភាពល្អប្រសើរ ប្រសិនបើអាចនាំចេញត្រង់ទៅចិន ដែលជាទីផ្សារដ៏ធំមួយនៅតំបន់អាស៊ី។ ផ្លែមៀនប៉ៃលិនរបស់កម្ពុជាប្រមាណ៧០% ភាគច្រើននាំចេញទៅថៃ និងវៀតណាម ខណៈបច្ចុប្បន្នមានតម្លៃប្រមាណជាង២ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថ្មីៗនេះថា ដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់ សម្លាប់សមាសភាពចង្រៃ។ អគ្គរដ្ឋបាលគយចិន នឹងវាយតម្លៃ វិភាគហានិភ័យលើផ្លែមៀនប៉ៃលិនកម្ពុជាពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូតាមការស្នើសុំរបស់កម្ពុជា។ ទោះបីយ៉ាងនេះក្តី ការចុះត្រួតពិនិត្យនេះមានការចូលរួមពីមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា។ ការវាយតម្លៃ នឹងប្រព្រឹត្តិទៅនៅសប្តាហ៍ទី១នៅខែមករា ឆ្នាំ២០២២ ដោយជ្រើសរើសចម្ការតំណាងមួយចំនួន និងរោងចក្រចំនួន១នៅខេត្តប៉ៃលិន។
ទន្ទឹមនឹងនេះ ឯកឧត្តម បានក្រើនរំលឹកថា ដើម្បីមានលទ្ធភាពចរចាបើក ទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្ដង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការ ត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់។
លោក អែម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះទីផ្សារចិនក្នុងការធ្វើឲ្យប្រសើរឡើង នូវទីផ្សារមៀនប៉ៃលិនរបស់កម្ពុជា ដែលកំពុងជួបបញ្ហារឿងតម្លៃ និងកង្វះទីផ្សារ។ លោកជឿជាក់ថា ទីផ្សារនិងតម្លៃផ្លែមៀនប៉ៃលិនរបស់កម្ពុជានឹងមានភាពល្អប្រសើរប្រសិនបើកម្ពុជាអាចនាំចេញត្រង់ទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំមួយប្រចាំតំបន់អាស៊ី។
ផ្លែមៀនប៉ៃលិនរបស់កម្ពុជាភាគច្រើនពឹងលើការនាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ដែលកត្តានេះធ្វើឲ្យទីផ្សារមៀនប៉ៃលិនអាចប្រឈមនឹងហានិភ័យគ្រប់ពេលវេលាប្រសិនបើមានការបិទ ឬរឹតបន្តឹងតាមព្រំដែនពីប្រទេសទាំងពីរ។ កម្ពុជា ត្រូវការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៧០% នៃទិន្នផលសរុបក្នុង១ឆ្នាំៗ ខណៈតម្រូវការប្រើប្រាស់ក្នុងស្រុកមានប្រមាណ៣០% តែប៉ុណ្ណោះ។ មន្ត្រីជំនាញកសិកម្មបានអះអាងទៀតថា ផ្លែ តម្លៃមៀនប៉ៃលិនបច្ចុប្បន្ន ចន្លោះពី១,៥០០រៀលទៅ២,៥០០រៀលក្នុង១គីឡូក្រាម។ ក្រៅពីទីផ្សារថៃ កសិករក៏កំពុងសម្លឹងមើលទីផ្សារវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។
ពាក់ព័ន្ធបញ្ហាទីផ្សារមៀនប៉ៃលិននេះដែរ លោក អ៊ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ថា កន្លងមកមន្ទីរកសិកម្មខេត្តបាត់ដំបងបានចុះបណ្តុះបណ្តាលបច្ចេកទេសកសិកម្មល្អ (GAP) ម្ចាស់កសិដ្ឋានដាំដុះមៀនប៉ៃលិនបានចំនួន៣៣៥នាក់ នៅតាមស្រុកនានាក្នុងខេត្តបាត់ដំបង។ លោកបានបន្តថា គោលបំណងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យការដាំដុះផ្លែមៀនប៉ៃលិនរបស់ពួកគេអាចឆ្លើយតបនឹងតម្រូវការទីផ្សារតំបន់ និងលើសកលលោក។
លោក បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកចូលរួមបណ្តុះបណ្តាលទាំងអស់មានតែម្ចាស់កសិដ្ឋាន២៣នាក់ប៉ុណ្ណោះទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តន៍បច្ចេកទេសកសិកម្មល្អ ដែលជាវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពក្នុងការអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារអាស៊ាន៕