វិស័យធនាគារ

តើមានកត្តាអ្វីជំរុញឱ្យធនាគារ JPMorgan ថា បណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សនឹងជួបបញ្ហាប្រឈមធំៗនៅឆ្នាំ២០២៥?


ធនាគារខ្នាតយក្ស JPMorgan បានលើកឡើងក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា បណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័ស នឹងជួបបញ្ហាប្រឈមធំៗនៅឆ្នាំ២០២៥ ដោយសារតែការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងកំណើនមិនច្បាស់លាស់នៅក្នុងប្រទេសចិន ដោយអ្នកវិនិយោគអាចនឹងសម្រុកនាំគ្នាដកទុនចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមូលនិធិសញ្ញាបណ្ណ ឬមូលបត្របំណុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ធនាគារអាម៉េរិក JPMorgan ដែលជាធនាគារធំបំផុតទី៥ ក្នុងពិភពលោកបានព្យាករថា កំណើននៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នឹងថយចុះពីរង្វង់៤,១% នៅឆ្នាំ២០២៤ មកនៅត្រឹមរង្វង់៣,៤% នៅឆ្នាំ២០២៥ ខណៈដែលកំណើនក្នុងបណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័ស ដែលមិនរាប់បញ្ចូលប្រទេសចិន ត្រូវបានព្យាករថា នឹងធ្លាក់ចុះពីរង្វង់៣,៤% មកនៅត្រឹមរង្វង់៣%។

ធនាគារនេះ បានឱ្យដឹងទៀតថា សញ្ញាបណ្ណ ឬមូលបត្របំណុលក្នុងបណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សទំនងជាជួបបញ្ហាធំៗ ជាពិសេសក្រោយពីប្រធានាធិបតីទើបជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ វិលត្រប់ទៅកាន់សេតវិមានជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២៥ ខាងមុខ ខណៈដែលគោលនយោបាយរបស់គណបក្សសាធារណរដ្ឋលើពន្ធគយ ភូមិសាស្ត្រនយោបាយ និងបញ្ហាក្នុងស្រុករបស់សហរដ្ឋអាម៉េរិក អាចនឹងធ្វើឱ្យប្រាក់ដុល្លារហក់ឡើងថ្លៃ និងឈានទៅដល់ការដំឡើងអត្រាការប្រាក់។

ធនាគារអាម៉េរិក JPMorgan បានព្យាករថា អ្នកវិនិយោគអាចនឹងសម្រុកដកទុនយ៉ាងច្រើនចន្លោះពី៥ពាន់លានដុល្លារអាម៉េរិក ទៅ១៥ពាន់លានដុល្លារអាម៉េរិក ចេញពីមូលនិធិសញ្ញាបណ្ណនៅក្នុងបណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សនៅឆ្នាំក្រោយ ដែលភាគច្រើននៃការដកទុនចេញនេះ គឺដោយសារតែគោលនយោបាយរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។

ធនាគារនេះ ក៏បានព្យាករដែរថា ការបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុលនៅទូទាំងពិភពលោកអាចនឹងមានទំហំសរុប១៦៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដែលបានធ្លាក់ចុះតិចតួចបើធៀបនឹងឆ្នាំ២០២៤៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា សិង្ហបុរី និងហុងកុង ស្ថិតក្នុងចំណោមទីផ្សារល្អដាច់គេនៅអាស៊ី សម្រាប់ការ វិនិយោគ និងធ្វើអាជីវកម្ម

របាយការណ៍ស្ទង់មតិថ្មីមួយរបស់ធនាគារអង់គ្លេស HSBC បានបង្ហាញថា បណ្ដាវិនិយោគិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលកំពុងសម្លឹងរកឱកាសចល័តទ្រព្យសម្បត្តិ…

ហេតុអ្វីជប៉ុន និងកូរ៉េខាងត្បូង ប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើសម្ភារបច្ចេកវិទ្យាចិន?

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការពឹងផ្អែកលើសម្ភារបច្ចេកវិទ្យារបស់ប្រទេសចិន ដោយក្រុមហ៊ុនឯកជនរបស់ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ