ជាមួយគ្នានោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានសម្រេចបញ្ចុះអត្រាអាករពិសេសលើមុខទំនិញ ដូចជា រថយន្តដឹកទំនិញប្រើអគ្គិសនី រថយន្តប្រណាំងតូចៗ ម៉ូតូកង់៤ និងរថយន្តបំពាក់ឧបករណ៍ពិសេសជាដើម។
យោងតាមអនុក្រឹតដដែលនេះ រដ្ឋនឹងបញ្ចុះអត្រាពន្ធគយពី ៣៥% មក១៥% លើការនាំចូលមុខទំនិញមួយ ដូចជា រុក្ខជាតិរស់សម្រាប់ផលិតឱសថ អាហារកែច្នៃ និងភេសជ្ជៈមួយចំនួន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំពីស្បែក សម្ភារផ្ទះបាយពីលោហធាតុ អាគុយ បរិក្ខាអគ្គិសនី គ្រឿងបន្លាស់យានយន្ត សង្ហារឹម ជាដើម។ ជាមួយគ្នានោះ រដ្ឋក៏បញ្ចុះអត្រាពន្ធគយពី ៣៥% មក ៧% លើមុខទំនិញ ក្រមួនទន្តពេទ្យ អាល់ប៊ុយមីន ហ្គាសដែកកេះ និងលោហៈងាយឆេះ វត្ថុធ្វើពីស្បែកជាប់រោម ធុង និងវត្ថុធ្វើពីអាលុយមីញ៉ូម ឧបករណ៍បំភ្លឺ ឬឲ្យសញ្ញាសម្រាប់ទោចក្រយាន ចំនួន ២១បន្ទាត់ពន្ធ។ ទន្ទឹមគ្នានេះ រដ្ឋបន្តបញ្ចុះពន្ធពី១៥% មក ៧% សម្រាប់មុខទំនិញ ផ្កា និងរុក្ខាជាតិកាច់រួច អំបិល ប្រេងកាបូនខ្មៅ គ្រឿងបន្ទាប់បន្សំសម្លៀកបំពាក់ធ្វើពីប្លាស្ទិក និងទំនិញមួយចំនួនទៀត។
ក្រៅពីនេះ ក៏មានផលិតផលនាំចូលជាច្រើនមុខទៀត ត្រូវបានលើកលែងពន្ធទាំងស្រុង ខណៈផលិតផលខ្លះ ដែលមិនធ្លាប់ជាប់ពន្ធ ក៏ត្រូវបានកំណត់ឲ្យជាប់ពន្ធផងដែរ។ ជុំវិញ ការកែសម្រួលអត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញសំខាន់ៗ ដែលមានការនាំចេញច្រើនជាងគេ មានផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃសរុបជាង ៣ពាន់៣រយលានដុល្លារ។ បន្ទាប់មកគឺការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី ដែលមានកំណើនរហូត ៩៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់សរុបជាង ១ពាន់២រយលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕