លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte យល់ឃើញថា ការត្រឡប់មកដឹកនាំសេតវិមានសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យស្ថានការណ៍សេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលមិនអាចប៉ាន់ស្មានបាន។ ទោះបីស្ថានការណ៍ពិភពលោកប្រឈមនឹងការវិវត្តយ៉ាងណាក៏ដោយ តែអ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជា នៅតែមានឱកាសល្អ ប្រសិនបើកម្ពុជាមានការត្រៀមខ្លួន និងរៀបចំបានល្អ ព្រោះនៅក្នុងស្ថានការណ៍បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងសម្លឹងទៅគូប្រកួតប្រជែងធំៗរបស់ខ្លួនដូចជាចិន ឥណ្ឌា ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត។
អ្នកជំនាញរូបនេះជឿជាក់ផងដែរថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងនេះ វានឹងជំរុញឱ្យក្រុមហ៊ុនមួយចំនួនងាកមកវិនិយោគនៅក្នុងប្រទេសដែលមិនមែនជាគូប្រកួតប្រជែងរបស់អាម៉េរិក ដើម្បីរក្សានិរន្តរភាពនៃក្រុមហ៊ុនរបស់ពួកគេ ដូច្នេះចង់ ឬមិនចង់ ពួកគេនឹងវិលមកវិនិយោគនៅតំបន់អាស៊ាន ខណៈអាស៊ានបានក្លាយជាទីតាំងសំខាន់ដែលបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចូលចិត្ត។ ទន្ទឹមនឹងនេះលោក យក់ ចំរើនឬទ្ធិ យល់ឃើញថា នៅក្នុងស្ថានការណ៍នេះ កម្ពុជា ត្រូវរៀបចំខ្លួនឱ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគនានា ក្នុងនោះក៏ត្រូវមានការកែសម្រួលរាល់បញ្ហាប្រឈមមួយចំនួនដូចជា បទដ្ឋាននីតិកម្ម ថ្លៃអគ្គិសនី និងកម្លាំងពលកម្មជាដើម។
ដោយឡែកអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group យល់ឃើញថា នៅក្នុងអាណត្តិប្រធានាធិបតីដឹកនាំដោយលោក ដូណាល់ ត្រាំ ជាលើកទី២នេះ ទំនាស់ពាណិជ្ជកម្មនឹងកើតមានកាន់តែធ្ងន់ធ្ងរ ហើយបណ្ដាប្រទេសមួយចំនួននឹងងាកមកវិនិយោគនៅតំបន់អាស៊ាន ដើម្បីគេចពីសម្ពាធរបស់អាម៉េរិក។ ទន្ទឹមនេះ អ្នកជំនួញដ៏ល្បីល្បាញរូបនេះជឿជាក់ថា កម្ពុជានឹងក្លាយជាប្រទេសទី១នៅតំបន់អាស៊ាន ក្នុងការស្រូបទាញក្រុមហ៊ុនវិនិយោគ ដែលរើផលិតកម្មចេញពីចិន ឬបណ្តាប្រទេសផ្សេងៗ ដែលរងសម្ពាធដោយសារវិធានការរបស់លោក ដូណាល់ ត្រាំ។
ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជា ទំនងជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នោះទេ ព្រោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ៕
អត្ថបទ៖ បូ ដូឡា