
ថ្មីៗនេះ បន្ថែមលើគម្រោងអគារស្កឹមស្កៃ ឌឹ ប្រ៊ីជ (The Bridge) លោកឧកញ៉ា សៀ ឫទ្ធី បាននិងកំពុងពន្លឿនការសាងសង់គម្រោងអគារលំនៅដ្ឋានរួមប្រណីតពីរទៀត គឺ The Peak និង The Palm ដែលមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារអាមេរិក។
នៅក្នុងកិច្ចសម្ភាសខ្លីមួយជាមួយសារព័ត៌មាន ខេមបូណូមីស ដែលសួរថា តើលោកមិនមានការបារម្ភទេឬ នៅក្នុងវិស័យអចលនទ្រព្យនេះ? លោកឧកញ៉ាមានប្រសាសន៍ថា នៅក្នុងការវិនិយោគ «បើអ្នកទាំងអស់គ្នានាំគ្នាខ្លាច ហើយយើងមិនខ្លាច នោះជាភាពជោគជ័យរបស់យើង»។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងដែលគ្រប់គ្រងក្រុមហ៊ុនសរុបជាង ៣០ក្រុមហ៊ុន ក៏មានប្រសាសន៍បន្ថែមទៀតផងដែរថា ៖ «ក្នុងការរកស៊ី សំខាន់គឺភាពមុតស្រួច និងការសម្រេចចិត្តឲ្យបានទាន់ពេលវេលា»។
ក្នុងពេលថ្មីៗចុងក្រោយនេះ គេសង្កេតឃើញថា លោកឧកញ៉ា សៀ ឫទ្ធី មានសកម្មភាពធុរកិច្ចថ្មីៗជាច្រើន ដូចជា ចុងក្រោយនេះ ក្រុមហ៊ុនរបស់លោកបានចាប់ដៃគូជាមួយក្រុមហ៊ុនរុស្ស៊ី ដើម្បីបើករោងចក្រផលិតនិងដំឡើងរថយន្តធុនធ្ងន់ម៉ាក KAMAZ ដ៏ល្បីល្បាញរបស់រុស្ស៊ី និងការបើកសាងសង់គម្រោងលំនៅដ្ឋានប្រណីតថ្មីមួយទៀត ឈ្មោះថា The Palm នៅតំបន់ក្ដីតាកុយ ផ្លូវជាតិលេខ១ ភាគអាគ្នេយ៍នៃកណ្ដាលរាជធានីភ្នំពេញ ជាដើម៕