ជាក់ស្តែង ដោយមិនបង្អង់យូរនោះទេ ក្រោយពីប្រមុខការទូតចិនទៅដល់ប្រទេសតុងហ្កា និងមានការចុះកិច្ចព្រមព្រៀងរួមគ្នាផងនោះ ថ្នាក់ដឹក នាំអូស្ត្រាលីឯណោះវិញ ក៏ត្រៀមនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសដីកោះមួយនេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមសេចក្តីប្រកាសព័ត៌មានពីរដ្ឋាភិបាលតុងហ្កា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង នឹងទៅទស្សនិច្ចប្រទេសដីកោះមួយនេះនៅថ្ងៃសុក្រសប្តាហ៍នេះ។ លោកស្រីផេននីនឹងជួបជាមួយថ្នាក់ដឹកនាំតុងហ្កា ដើម្បីជជែកពីកិច្ចព្រមព្រៀងដែលតុងហ្កាបានចុះជាមួយចិន ក្នុងនោះរួមមានវិស័យសន្តិសុខ និងទឹកប្រាក់ដ៏ច្រើនសម្បើមដែលតុងហ្កាជំពាក់ចិនផងដែរ។
កោះតុងហ្កាដែលត្រូវបានរងគ្រោះដោយការបំផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ កាលពីខែមករាមានបំណុលក្រៅប្រទេសចំនួន ១៩៥លានដុល្លារ ឬស្មើនឹងជិត៣៦% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ហើយដែលក្នុងនោះមាន២ភាគ៣គឺ ជំពាក់ធនាគាររដ្ឋរបស់ប្រទេសចិន។
បើតាមគម្រោងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងបន្តដំណើរទស្សនកិច្ចនៅកោះសាម័រ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតុងហ្កា។ គួរជម្រាបថា ប្រទេសកោះសាម័រ ក៏ជាប្រទេសកោះមួយក្នុងចំណោមកោះផ្សេងទៀតនៅប៉ាស៊ីហ្វិកដែលបានចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខជាមួយទីក្រុងប៉េកាំងរួចហើយដែរ។
គួររំឭកថា ទោះបីជាសម្រេចបានកិច្ចព្រមព្រៀងលក្ខណទ្វេភាគីជាមួយប្រទេសកោះមួយចំនួននៅប៉ាស៊ីហ្វិកពិតមែន ប៉ុន្តែចិនបានបរាជ័យក្នុងការស្វែងរកកិច្ចព្រមព្រៀងកំរិតតំបន់ជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិកទាំង១០ បាត់ទៅហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រទេសកោះនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទាំង១០ បានច្រានចោលបំណងរបស់ប្រទេសចិនក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់រួមគ្នា ដោយសារបារម្ភខ្លាចថា កិច្ចព្រមព្រៀងបែបនេះអាចទាញពួគេឲ្យស្ថិតនៅក្រោម ដែនអំណាចនិងឥទ្ធិពលរបស់ទីក្រុងប៉េកាំង ខណៈដែលតំបន់ប៉ាស៊ីហ្វិកនេះ កំពុងមានការប្រទាញប្រទូងឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងប្រទេសចិន និងអាមេរិក ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតផងដែរ។
យ៉ាងណាក៏ដោយ ភាគីចិនអះអាងថា នឹងបន្តជជែកពិភាក្សាជាមួយបណ្តាប្រទេសទាំង១០នៅពេលក្រោយ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងតំបន់រួមគ្នាមួយ៕