នីតិវិធីក្នុងការចូលទៅកាន់ប្រទេសមួយចំនួនអាចមានភាពខុសប្លែកគ្នាតិច ឬច្រើនអាស្រ័យលើថា តើអ្នកធ្វើដំណើរមកពីទីណា ឬប្រទេសណា ដែលពេលខ្លះអ្នកអាចនឹងត្រូវបានតម្រូវឱ្យស្នើសុំ Visa ឬទិដ្ឋាការ ឬឯកសារផ្លូវច្បាប់ផ្សេងៗដើម្បីឆ្លងកាត់គយ។ ហើយជារៀងរាល់ឆ្នាំ សន្ទស្សន៍លិខិតឆ្លងដែនហែនលី (Henley Passport Index) តែងតែដាក់ចំណាត់ថ្នាក់លិខិតឆ្លងដែននៃប្រទេសចំនួន១៩៩ទូទាំងពិភពលោក ហើយការដាក់ពិន្ទុឱ្យលិខិតឆ្លងដែននៃប្រទេសទាំងនោះ គឺផ្អែកលើចំនួនគោលដៅធ្វើដំណើរ ឬប្រទេសដែលអ្នកកាន់លិខិតឆ្លងដែនមួយអាចចូលទៅបានដោយមិនចាំបាច់មានទិដ្ឋាការ។
អ្វីជាការកត់សម្គាល់ លិខិតឆ្លងដែនជប៉ុន បានរក្សាតំណែងកំពូល៥ឆ្នាំជាប់គ្នាជាលិខិតឆ្លងដែនមានឥទ្ធិពលបំផុតទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ MEN'S JOURNAL។ ទោះជាយ៉ាងណា សម្រាប់ចំណាត់ថ្នាក់លេខ១ នេះ គឺមិនមែនបានទៅលើជប៉ុនតែម្នាក់ឯងទេ ពោលគឺបានទៅលើ៥ប្រទេសរួមគ្នា។
សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសសរុបចំនួន៥ រួមមាន ជប៉ុន បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ដែលអ្នកកាន់លិខិតឆ្លងដែននៃប្រទេសទាំងនេះ អាចចូលទៅកាន់១៩៤ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ។ លេខ២បានទៅលើ៣ប្រទេស រួមមាន ហ្វាំងឡង់ កូរ៉េខាងត្បូង និងស៊ុយអែត ដែលអាចចូលទៅកាន់១៩៣ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។ ចំណែកលេខ៣ បានទៅលើ៤ប្រទេស រួមមាន អូទ្រីស ដាណឺម៉ាក អៀរឡង និងហូឡង់ ដែលអាចចូលទៅកាន់១៩២ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។
លេខ៤ បានទៅលើ៥ប្រទេស រួមមាន បែលហ្ស៊ិក លុចសំបួរ ន័រវែស ព័រទុយហ្គាល់ និងអង់គ្លេស ដែលអាចចូលទៅកាន់១៩១ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ, លេខ៥ បានទៅលើ៣ប្រទេស រួមមានក្រិក ម៉ាល់តា និងស្វីស ដែលអាចចូលទៅកាន់១៩០ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ ខណៈលេខ៦ បានទៅលើ៤ប្រទេស រួមមាន អូស្ត្រាលី សាធារណរដ្ឋឆែក នូវែលហ្សេឡង់ និងប៉ូឡូញ ដែលអាចចូលទៅកាន់១៨៩ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។
លេខ៧ បានទៅលើ៣ប្រទេស រួមមាន កាណាដា ហុងគ្រី និងសហរដ្ឋអាម៉េរិក ដែលអាចចូលទៅកាន់១៨៨ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ, លេខ៨ បានទៅលើ២ប្រទេស រួមមាន អេស្តូនី និងលីទុយអានី ដែលអាចទៅកាន់១៨៧ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។ លេខ៩ បានទៅលើ៣ប្រទេស រួមមាន ឡាតវី ស្លូវ៉ាគី និងស្លូវេនី ដែលអាចចូលទៅកាន់១៨៦ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ និងចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសអ៊ីស្លង់ ដែលអាចចូលទៅកាន់១៨៥ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ៕
ដោយ: តែម សុខុម