ខាងក្រោមនេះជាឈ្មោះសេដ្ឋីអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍសាងសង់ល្បីៗ ដែលបានវិនិយោគទៅលើគម្រោងលំនៅឋាននិងអគារពាណិជ្ជកម្មផ្សេងៗជាច្រើននៅកម្ពុជា៖
១ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា
ជាអ្នកវិនិយោគលំនៅឋានដ៏មានឥទ្ធិពល និងរឹងមាំនៅក្នុងពិភពជំនួញសាងសង់ផ្ទះសម្បែង អគារពាណិជ្ជកម្មទំនើបៗជាច្រើននៅកម្ពុជា ដែលមហាជនដាក់រហស្សនាមក្រៅផ្លូវការឲ្យលោកថា ជាតារាជំនួញ អាត់កឺ នៅកម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងបុរីលំនៅឋាន និងអគារពាណិជ្ជកម្មធំៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា បុរី ទន្លេបាសាក់ បុរីចម្ការមន ទីក្រុងរណបកោះពេជ្រ អូឡាំព្យាស៊ីធី នៅជុំវិញស្តាតអូឡាំពិក ទីក្រុងរណបជ្រោយចង្វារ លំនៅឋានជាច្រើននៅជុំវិញផ្សារទំនើបរតនាផ្លាហ្សា និងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ អគារផ្សារទំនើប អគារខុនដូរ…និងបុរីលំនៅឋាន នៅតាមបណ្តាខេត្តមួយចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ។ល។ និង ។ល។
តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺលោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើន។
២ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប៊ី្រដគ្រុប
រយៈពេលបីឆ្នាំចុងក្រោយនេះ ឧកញ៉ា សៀ ឫទ្ធីហាក់បីដូចជាមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅក្នុងស្រទាប់មហាជន ទាំងជាតិ និងអន្តរជាតិ។ ល្បីល្បាញដោយសារតែពាណិជ្ជករខ្មែររូបនេះបានបង្កើតគម្រោងវិនិយោគនៅក្នុងវិស័យសំណង់និងអចលនទ្រព្យធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ។
គម្រោងទាំងនោះ រួមមាន អគារពាណិជ្ជកម្មនិងអគារស្នាក់នៅរួម The Bridge ដែលមានកម្ពស់ ៤៥ជាន់ វិនិយោគក្នុងទឹកប្រាក់ ៣០០លានដុល្លារដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០១៨ ព្រមទាំងគម្រោងវិនិយោគសំណង់អគារធំៗជាបន្តបន្ទាប់ ដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ និងអគារស្នាក់នៅរួម ដែលមានឈ្មោះថា The Peak និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស Kerry និង សំណង់អគារ អឹផាតមិន ជាច្រើនទៀត។
រឹតតែធ្វើឲ្យកេរ្តិ៍ឈ្មោះឧកញ៉ា សៀ ឫទ្ធី ល្បីល្បាញជាងនេះទៅទៀតនោះ គឺគម្រោងសាងសង់លំនៅឋានសាធារណៈដំបូងគេបង្អស់នៅកម្ពុជា ដែលលក់ជូនប្រជាពលរដ្ឋទូទៅ ពិសេសបុគ្គលិក មន្ត្រីរាជការខ្មែរ ក្នុងតម្លៃទាបនិងមធ្យម។
បច្ចុប្បន្ន ឧកញ៉ា សៀ ឫទ្ធី មានក្រុមហ៊ុនជាង ៣០។ តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺ លោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និង លើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើន។
៣. លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េងហួត គ្រុប
បើនិយាយពីបុគ្គលឈ្មោះ ឧកញ៉ា ថៃ ជាហួត មានមនុស្សមិនច្រើនទេ ដែលស្គាល់មុខ លោកឧកញ៉ាចិត្តមុត គិតល្អិតល្អន់ មើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍបុរីលំនៅឋាននៅកម្ពុជារូបនេះទេ។ ប៉ុន្តែ បើនិយាយពីក្រុមហ៊ុន ប៉េងហួត ឬ បុរី ប៉េង ហួត ៗ ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ជាទូទៅថា ជាអ្នកអភិវឌ្ឍលំនៅឋានដ៏ល្អបំផុតប្រចាំឆ្នាំល្អបំផុតនេះ ដោយសារមានការវាយតម្លៃដោយក្រុមអ្នកជំនាញអចលនទ្រព្យមកពីប្រទេសសិង្ហបុរីនិងថៃ។
ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ទៅលើការអភិវឌ្ឍបុរីលំនៅឋាន ប៉េង ហួត រាប់សិបគម្រោង រាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ។
តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺលោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើន។
៤. លោកឧកញ៉ា ហុង ពីវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពិភពថ្មី
នៅក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយកន្លងមកនេះ កេរ្តិ៍ឈ្មោះឧកញ៉ា ហុង ពីវ ហាក់បីដូចជាឡើងកូដយ៉ាងខ្ពស់ត្រដែត វ៉ាដាច់ឧកញ៉ាផ្សេងៗទៀត តាមរយៈការផ្តល់ជំនួយសប្បុរសធម៌ឥតសំចៃដៃ រាប់លានដុល្លារអាមេរិក ទៅដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធាបុប្ជា និងជំនួយសប្បុរសធម៌ផ្សេងៗជាច្រើនទៀត។ រហូតដល់ប្រជាជនមួយចំនួនដាក់រហស្សនាមក្រៅផ្លូវការថា ជាឧកញ៉ា ចិត្តធម៌។
ឧកញ៉ា ហុង ពីវ ត្រូវបានប្រជាជនទូទៅស្គាល់លោក តាមរយៈការវិនិយោគសាងសង់បុរីពិភពថ្មីរាប់សិបគម្រោង រាប់ម៉ឺនខ្នងផ្ទះ នៅក្នុងរាជធានី និងជាយក្រុងភ្នំពេញ។ តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺ លោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើន។
៥. លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប
មុននឹងក្លាយជាអភិវឌ្ឍន៍សាងសង់បុរីលំនៅដ្ឋានដ៏ល្បីល្បាញ និងពេញនិយម ជាមួយនឹងគេលោកឧកញ៉ា លី ហួរ ជាពាណិជ្ជករប្តូរប្រាក់និងជួញដូរមាស ដែលកើតចេញពីដើមទុនលក់ជ្រូក១ក្បាល ២ជីមាស។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោកឧកញ៉ាបានផ្លាស់ប្តូរមុខមាត់កាន់តែល្បីល្បាញ ដោយសារតែលោកបានបោះទុនវិនិយោគរាប់រយលានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតៗ ជាច្រើនគម្រោង នៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថា បុរីវិមានភ្នំពេញ។
តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺលោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើន។
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញមួយរូបដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។ ជាបុគ្គលគំរូម្នាក់សម្រាប់សហគ្រិនក្មេងៗជំនាន់ក្រោយគួររៀនសូត្រ និងអនុវត្តតាម។ ហើយជាបុគ្គលដែលមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅជោគជ័យនៅក្នុងមុខជំនួញ។
សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស នឹងធ្វើការស្រាវជ្រាវលើកយកនរណាខ្លះជាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោបំផុតនៅកម្ពុជា នៅលេខក្រោយៗទៀត៕