គោលបំណងនៃការអនុញ្ញាតនេះ គឺដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមស្តារវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា តាមរយៈវិធានការនេះ វានឹងជួយស្តារឲ្យវិស័យទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ នឹងមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្ដែ ម្ចាស់អាជីវកម្មទេសចរណ៍ និង ពលរដ្ឋក៏មិនត្រូវប្រហែសភ្លេចការពារខ្លួនពីកូវីដ-១៩នោះដែរ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុចាត់ទុកការអនុញ្ញាតឲ្យភោជនីយដ្ឋាន ឬអាហារដ្ឋានអាចទទួលឲ្យចូលទទួលទាននៅកន្លែងផ្ទាល់ឡើងវិញពីសំណាក់ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុថា វាជាវិធានការដ៏សមស្របមួយក្នុងការជួយស្តារវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលបានរងផលប៉ះពាល់ពីវិធានការកូវីដ-១៩ កន្លងមក។ ប្រធានមន្ទីរទេសចរណ៍រូបនេះជឿជាក់ថា តាមរយៈគោលការណ៍នេះ វានឹងជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឲ្យមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈកន្លងមកនេះ។ សម្រាប់លោក គ្រឹស្នា សេវាកម្មហូបចុកជាកត្តាមួយដ៏សំខាន់ក្នុងចំណោមកត្តាជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅខេត្តមួយនេះ។
ទោះបីរដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតឲ្យបើកទទួលភ្ញៀវឡើងវិញក៏ពិតមែន តែតម្រូវម្ចាស់ភោជណីយដ្ឋាន និងអាហារដ្ឋានទាំងនោះអនុវត្តឲ្យបានម៉ឺនម៉ាត់នូវវិធានការការពារជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត។ ការបើកទៀតសោត គឺរដ្ឋបាលខេត្តតម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវដាក់ពាក្យស្នើសុំមកកាន់មន្ទីរទេសចរណ៍ខេត្តជាមុនសិន ដើម្បីខាងមន្ទីរចាត់អ្នកជំនាញឲ្យទៅសិក្សានៅតាមទីតាំងនោះ មុនអនុញ្ញាតឲ្យបើកដំណើរការ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបន្ថែមថា មកទល់ពេលនេះមានភោជណីយដ្ឋានមួយចំនួនហើយបានមកដាក់ពាក្យ ដើម្បីស្នើសុំបើកដំណើរការអាជីវកម្មតាមគោលការណ៍របស់រដ្ឋបាលខេត្តមួយនេះ ហើយលោករំពឹងថា នឹងមានអាជីវកម្មមកដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។
បើតាមសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឲ្យភោជនីយដ្ឋាន ឬអាហារដ្ឋានបើកទទួលភ្ញៀវនៅកន្លែងឡើងវិញរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានដាក់ចេញវិធានសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ និងធានាថា ការអនុញ្ញាតនេះមិនបង្កហានិភ័យក្នុងការចម្លងកូវីដ-១៩។ វិធានការសំខាន់ៗក្នុងចំណោមវិធានការជាច្រើន គឺរដ្ឋបាលខេត្តព្រះសីហនុតម្រូវម្ចាស់អាជីវកម្មទាំងអស់ត្រូវពង្រឹងវិធានកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់ដូចជាធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះបុគ្គលិកពីរដងក្នុង១ខែ, ម្ចាស់អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវមានកាតចាក់វ៉ាក់សាំងកូវីដ-១៩, ត្រូវចុះបញ្ជីឈ្មោះភ្ញៀវ និងស្កេន QR កូដ និងកំណត់ចំនួនភ្ញៀវទេសចរជាដើម។ បន្ថែមលើនេះ គ្រប់អាជីវកម្មទាំងអស់មិនអនុញ្ញាតឲ្យរៀបចំកម្មវិធីជប់លៀង ឬកម្មវិធីលក្ខណៈជួបផ្សេងៗនោះទេ៕