ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិធ្ងន់ធ្ងរនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានសម្រេចដាក់ជាសំណើទៅរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចជួយអន្តរាគមន៍ដោយទម្លាក់ជាប្រាក់កម្ចីដែលមានអត្រាកាប្រាក់ទាប សម្រាប់សង្រោះដល់ភ្នាក់ងារទេសចរណ៍ឯកជន ដើម្បីអាចឲ្យពួកគាត់មានទុនបង្វិលនៅបន្តអាជីវកម្មបានតទៅទៀតក្នុងស្ថានភាពអន្តរកាលនេះ ខណៈដែលបច្ចុប្បន្នធនាគារឯកជនបានបិទការផ្តល់កម្ចីទៅឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ឯកជនក្នុងអំឡុងវិបត្តិកូវីដនេះ។
លោកស្រីបញ្ជាក់ថា វិស័យទេសចរណ៍កំពុងជួបផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមានអាជីវកម្មសណ្ឋាគារ ភោជនីដ្ឋាន និងជាពិសេសគឺក្រុមហ៊ុនទេសចរណ៍បានបិទអាជីវកម្មស្ទើរតែទាំងស្រុង បើទោះបីជា មិនមានតួលេខជាក់លាក់អំពីការស្នើសុំការព្យួរការងារនៅក្រសួងការងារក៏ដោយ ប៉ុន្តែ អាជីវកម្មទាំងអស់នោះ គឺបានបិទទ្វារដោយខ្លួនឯងអស់ទៅហើយព្រោះគ្មានភ្ញៀវ។
លោកស្រីបន្តថា ក្នុងនាមយើងជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គឺចង់ឃើញពួកគាត់នៅអាចបន្តអាជីវកម្មតទៅទៀតបានដោយមិនការផ្លាស់ប្តូរអាជីពនោះទេ ព្រោះកាលណាពួកគាត់ផ្លាស់ប្តូរអាជីពនៅពេលដែលស្ថានភាពវិលត្រឡប់មកប្រសើរឡើងវិញធនធានមនុស្សនៅក្នុងវិស័យនេះនឹងអាចខ្វះខាតវិញ ដូច្នេះ សូមឲ្យរដ្ឋាភិបាលពិចារណាទម្លាក់កម្ចីដែលមានអត្រាការប្រាក់ទាបដើម្បីជួយដល់វិស័យនេះផង។ នេះបើតាមការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។
លោកស្រីបាន ឲ្យដឹងទៀតថា ទីភ្នាក់ងារទេសចរណ៍នៅកម្ពុជាមានប្រមាណជាង ៥០០ក្រុមហ៊ុនប៉ុណ្ណោះ ហើយអ្នកទាំងអស់នោះក៏មិនប្រាកដថា ត្រូវការទុនបង្វិលបន្ថែមទាំងអស់នោះដែរ ខណៈភ្នាក់ងារទេសចរណ៍ដែលផ្តោតលើសេវាកម្មទទួលភ្ញៀវក្នុងស្រុកមួយចំនួននៅតែអាចរកចំណូលបាន។
បើទោះបីមិនទាន់មានការឆ្លើយតបភ្លាមៗ ពីរាជរដ្ឋាភិបាលក្នុងការទម្លាក់ប្រាក់កម្ចីក៏ដោយចុះ ក៏កាលពីកាលពីថ្ងៃទី៣១ កក្កដា កន្លងទៅនេះ រាជរដ្ឋាភិបាលបានប្រកាសលើកលែងពន្ធរយៈពេលពីរខែបន្ថែមទៀត សម្រាប់អាជីវកម្មដែលពឹងផ្អែកលើវិស័យទេសចរណ៍ក្នុងក្តីសង្ឃឹមថា នឹងបន្ធូរបន្ថយបន្ទុកអំឡុងពេលមានជំងឺរាតត្បាត។
គ្រប់អាជីវកម្មដែលនៅតែបន្តលើកលែងការបង់ពន្ធ ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ រួមមានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៏ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ លើសពីនេះទៀត វិស័យអាកាសចរណ៍នៅតែបន្តលើកលែងការបង់ពន្ធអប្បរមាសម្រាប់រយៈពេលពីរខែផងដែរ ជួនដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។
សូមបញ្ជាក់ថា ជាការអះអាងរបស់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែសម្រាប់រយៈពេល ២ ខែទៀតដល់កម្មករនិងបុគ្គលិកក្នុងវិស័យទេសចរណ៍៕