

ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងលោក WANG Yu-Lin (Luke) ប្រធានក្រុមហ៊ុន PHNOM PENH FINTECH INVESTMENT នៅទីស្ដីការអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្នុងក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នានេះ ន.ប.ធ. នឹងសហការជាមួយនឹងក្រុមហ៊ុន PPFI ដែលជាក្រុមហ៊ុនផ្ដល់សេវាពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច ក៏ដូចជាផ្ដល់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងឧត្តមានុវត្តន៍អន្តរជាតិនៃប្រតិបត្តិការបរធនបាលកិច្ច បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាបង្កើនកាលានុវត្តភាពវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។
នៅក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ក៏មានការធ្វើបទបង្ហាញស្ដីពី «ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការបរធនបាលកិច្ច៖ ឧត្តមានុវត្តន៍អន្តរជាតិ» ដោយអ្នកជំនាញរបស់ក្រុមហ៊ុន PPFI។ តាមរយៈបទបង្ហាញនេះ អ្នកជំនាញបានចែករម្លែកពីបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការបរធនបាលកិច្ច យន្តការតាមប្រភេទបរធនបាលកិច្ច ការវិវត្តន៍នៃបរធនបាលកិច្ច នវានុវត្តន៍ និងគំនិតផ្តួចផ្តើមបរធនបាលកិច្ចពីបណ្តាប្រទេសមួយចំនួន ដែលសមស្របក្នុងការអនុវត្តសម្រាប់ប្រទេសកម្ពុជា។


កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងការចែករម្លែកបទពិសោធន៍ឧត្តមានុវត្តន៍អន្តរជាតិពាក់ព័ន្ធនឹងបរធនបាលកិច្ចនេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. បរធនបាលរូបវន្តបុគ្គលឯករាជ្យ ក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាទុក ឬសេវាថែរក្សាសុវត្ថិភាពក្នុងវិស័យបរធនបាលកិច្ច និងការិយាល័យមេធាវី។ កម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។


សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត៕
