បើតាមភាគីអាមេរិក លោក រ៉ូបឺត ឡៃធីសឺ ដែលជាតំណាងចរចាពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូងរវាងអាមេរិក និងចិន គឺបានបញ្ចប់ទាំងស្រុងហើយ រង់ចាំតែការបកប្រែ និងកែសម្រួលតាមក្រោយប៉ុណ្ណោះ។
តែយ៉ាងណាមិញ លោក មិនទាន់អាចបញ្ជាក់បានទេពី កាលបរិច្ឆេទនៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែពន្យល់ថា អាមេរិក យល់ព្រមបន្ធូរបន្ថយពន្ធដែលដំឡើងស្រាប់លើទំនិញចិន និងពន្យារពេលដំឡើងពន្ធថ្មីលើទំនិញរបស់ចិន ជាការដោះដូរនឹង ការយល់ព្រមរបស់ភាគីចិន ដែលសម្រេចទិញទំនិញកសិកម្ម ឧស្សាហកម្ម និងថាមពលមកពី អាមេរិក ដែលមានតម្លៃជាង ៥០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២ឆ្នាំខាងមុខ។
លោក រ៉ូបឺត គូសបញ្ជាក់បន្ថែមថា ជាចុងក្រោយបង្អស់ ថ្នាក់ដឹកនាំចិន ជាអ្នកសម្រេចលើ កិច្ចព្រមព្រៀងនេះ ហើយលទ្ធផលក៏អាចនឹងមិនដូចការរំពឹងទុកផងដែរ ហើយយ៉ាងណា កិច្ចព្រមព្រៀងមួយនេះ ក៏មិនអាចដោះស្រាយបញ្ហាទាំងអស់បានដែរ ដោយសារតែភាពខុសគ្នានៃ ទម្រង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ដោយឡែក រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចពន្យារពេលដំឡើងពន្ធលើ ទំនិញអាមេរិក ដូចជា រថយន្ត និងគ្រឿងបង្គុំ ដែលចិន បានគំរាម កាលពីពេលមុនដូចគ្នាដែរ។
សូមបញ្ជាក់ដែរថា ក្រសួងហិរញ្ញវត្ថុចិន បានបញ្ជាក់ថា ចិន បានយល់ព្រមមួយផ្នែកតូចតែប៉ុណ្ណោះ ជាមួយនឹងអាមេរិក ដែលមានការដក ការគំរាមដំឡើងពន្ធ និងការជជែកគ្នាពី ច្បាប់លើកម្មសិទ្ធិបញ្ញាប៉ុណ្ណោះ លទ្ធផលប្រែប្រួលយ៉ាងណា រង់ចាំដល់ថ្ងៃដែលមហាអំណាចទាំងពីរ ចុះហត្ថលេខាសម្រេច៕