យោងតាមទិន្នន័យរបស់ ខូអើលីសិន ហ្គ្រីនវិច (Coalition Greenwich) ដែលជាក្រុមហ៊ុនឈានមុខគេទូទាំងពិភពលោកផ្នែកផ្ដល់ទិន្នន័យ ការវិភាគ និងទស្សនវិស័យដល់ឧស្សាហកម្មហិរញ្ញវត្ថុបង្ហាញថា បណ្ដាធនាគារិក ដែលមានជំនាញខាងសម្របសម្រួលឱ្យឈានដល់កិច្ចព្រមព្រៀងទិញយកអាជីវកម្ម និងច្របាច់អាជីវកម្មបញ្ចូលគ្នា នឹងអាចរកបានប្រាក់កម្រៃជើងសាររហូតដល់ទៅ២៧,៦ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដែលជាឆ្នាំត្រូវប៉ាន់បំផុតទី២ របស់អ្នកជំនាញទាំងនោះក្នុងរយៈពេលយ៉ាងតិច២ទសវត្សរ៍មកនេះ។
ទិន្នន័យដដែលបានបង្ហាញថា ប្រាក់ចំណូលរបស់បណ្ដាធនាគារវិនិយោគទូទាំងពិភពលោកទើបតែបានកើនឡើងលើស៣០០ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើង១គុណនឹង៥ប៉ុណ្ណោះក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយសារតែប្រាក់ចំណូលរងផលប៉ះពាល់ដោយសារកត្តាធំៗមួយចំនួន រួមមានដូចជាវិបត្តិកូវីដ-១៩ អតិផរណាហក់ឡើងខ្ពស់ និងអស្ថិរភាពនយោបាយទូទាំងពិភពលោក។
បណ្ដាធនាគារិក បានលើកឡើងថា គោលនយោបាយគាំទ្រអាជីវកម្មរបស់លោក ដូណាល់ ត្រាំ នឹងជួយជំរុញសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលកំពុងរឹងមាំរួចទៅហើយ មានការចុះកិច្ចព្រមព្រៀងឆ្លងដែន និងការវិនិយោគកាន់តែច្រើនពីបណ្ដាក្រុមហ៊ុនអឺរ៉ុប ដែលស្វះស្វែងជំរុញកំណើនរបស់ខ្លួន។
បណ្ដាធនាគារិក បានលើកឡើងថា រដ្ឋបាលថ្មីក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងជួយជំរុញការទិញយកអាជីវកម្ម និងការច្របាច់អាជីវកម្មបញ្ចូលគ្នា ព្រោះតាមការព្យាករថា រដ្ឋបាលថ្មីនេះអាចនឹងអនុម័តបន្ថែមទៀតនូវកិច្ចព្រមព្រៀងដែលកាលពីមុនបានជាប់គាំងដោយសារតែប្រកួតប្រជែង ឬការព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម