
ហើយអ្វីដែលពិសេសថែមទៀតនោះ គឺអ្នកទៅចូលរួមសុទ្ធសឹងជាមហាសេដ្ឋីគ្រាក់ៗនៅស្រុកខ្មែរ ដូចជា ឯកឧត្ដម អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិលវ៉ាយភី គ្រុប និងអ្នកឧកញ៉ា កុក អាន អគ្គនាយកANCO Group រួមទាំងមន្ត្រីរដ្ឋាភិបាលផងដែរ។
យោងតាមទំព័រហ្វេសប៊ុករបស់លោក មុន រ៉ាម៉ាឌី ដែលគេស្គាល់ថាជាជំនិតរបស់អ្នកឧកញ៉ា គិត ម៉េង និងជាអគ្គនាយកស្ថានីយទូរទស្សន៍ CNC បានសរសេរថា «ខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង បានប្រារព្ធធ្វើឡើងនៅទីក្រុងស៊ីដនី ជាមួយក្រុមគ្រួសារនិងមិត្តភ័ក្រ្តជិតដិតជាច្រើនអ្នកទៀត។ រាត្រីដ៏សែនរីករាយនេះក៏មានភ្ញៀវកិត្តយសតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមផងដែរ គឺឯ.ឧ. ឯកអគ្គរាជទូត កុយ គួង និងលោកជំទាវ ហើយក៏មានអ្នកឧកញ៉ា លី យ៉ុង ផាត់ និងលោកជំទាវ អ្នកឧកញ៉ា កុក អាន និងលោកជំទាវ និងភ្ញៀវកិត្តយសជាច្រើនអ្នកទៀត»។


គួររំលេចដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកម្រនឹងឃើញរូបភាពជិតដិតស្និទ្ធស្នាល រវាងមហាសេដ្ឋី គិត ម៉េង និងមហាសេដ្ឋី លី យ៉ុងផាត់ បែបនេះណាស់ ដោយមានពាក្យលេចឮខ្លះ ថា មហាសេដ្ឋីពីររូបនេះហាក់មិនសូវស៊ីខ្សែគ្នា ដោយសារគេមើលឃើញថា មុខជំនួញធំៗរបស់មហាសេដ្ឋីទាំងពីររូបនេះ ហាក់ដូចជាប្រជែងគ្នាខ្លាំងណាស់។
គេនៅចាំបានថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនចិនឈ្មោះ China Minsheng Investment Group (CMIG) បានចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគរួមគ្នាក្នុងទឹកប្រាក់ ១ពាន់ ៥រយលានដុល្លារអាមេរិក ដើម្បីសាងសង់ទីក្រុងមិត្តភាពកម្ពុជា-ចិន នៅតំបន់ជាយរាជធានីភ្នំពេញ។
បន្ទាប់ពីនោះតែប៉ុន្មានខែ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នាដើមឆ្នាំ២០១៧ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសំណង់និងវិនិយោគអចលនទ្រព្យរបស់ចិនមួយ ដើម្បីវិនិយោគនិងសាងសង់សណ្ឋាគារនៅប្រទេសកម្ពុជា ក្នុងទឹកប្រាក់វិនិយោគ ៣ពាន់លានដុល្លារ៕