ការប្រកាសសន្យារបស់លោក ចនសុន បានធ្វើឡើងនៅក្នុងអត្ថបទស្មេរដែលចុះផ្សាយនៅលើសារព័ត៌មាន The Times of London ហើយនេះជាការបើកទ្វារឲ្យប្រជាជនភៀសខ្លួនពីហុងកុងមកប្រទេសអង់គ្លេស ប្រសិនបើស្ថានការណ៍នៅទីនោះកាន់តែអាក្រក់ឡើងៗ ។ ប៉ុន្តែ បញ្ហាចោទ គឺនៅត្រង់ថា តើពួកគេទាំងនេះនឹងមានលំបាកអ្វីខ្លះ ក្នុងការស្នើសុំចូលសញ្ជាតិអង់គ្លេស ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានពន្យល់ថា ប្រជាជនរស់នៅទីក្រុងហុងកុងប្រហែល ៣សែន ៥ម៉ឺននាក់ ដែលកាន់លិខិតឆ្លងដែនក្រៅប្រទេសរបស់អង់គ្លេស ព្រមទាំងប្រជាជនប្រមាណ ២,៥លាននាក់ទៀត ដែលមានសិទ្ធិស្នើសុំលិខិតឆ្លងដែនក្រៅប្រទេសរបស់អង់គ្លេស នឹងត្រូវផ្ដល់ឲ្យនូវទិដ្ឋាការរយៈពេល ១២ខែ ដែលអាចបន្ត ឬពន្យារពេលជាថ្មីបាន ដែលទិដ្ឋាការនេះនឹងអនុញ្ញាតឲ្យពួកគេអាចធ្វើការនៅប្រទេសអង់គ្លេសបាន និងអាចស្នើសុំសញ្ជាតិអង់គ្លេសនៅពេលក្រោយបាន។
លោក ចនសុន និយាយថា "ប្រជាជនជាច្រើននៅហុងកុងខ្លាចថា ការរស់នៅរបស់ពួកគេនឹងទទួលរងការគំរាមកំហែង។ ប្រសិនបើចិនអនុវត្តច្បាប់ដែលនឹងបង្កជាមូលហេតុនៃការភ័យខ្លាចនេះ អង់គ្លេសមិនអាចបែរខ្នង និងដើរចេញនោះទេ។ យើងនឹងគោរពកាតព្វកិច្ចរបស់យើង និងផ្ដល់មធ្យោបាយជាដំណោះស្រាយមួយ" ។
ប្រទេសចិនបានប្រតិកម្មតបដោយការខឹងសម្បា និងបានច្រានចោលការសន្យាផ្ដល់បែបនេះរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ដោយប្រកាសថា អង់គ្លេសគ្មានសិទ្ធិធ្វើបែបនេះទេ ពីព្រោះពលរដ្ឋនៅហុងកុងគឺជាជនជាតិចិន។
គេនៅមិនទាន់ច្បាស់លាស់ទេ ថា តើអាជ្ញាធរចិននឹងអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនក្រៅប្រទេសរបស់អង់គ្លេសចាកចេញពីទីក្រុងហុងកុង ឬអត់នោះទេ ហើយប្រសិនបើអាជ្ញាធរចិនមិនអនុញ្ញាត តើអង់គ្លេសនឹងចាត់វិធានការបែបណា ដើម្បីយកពលរដ្ឋទាំងនោះចេញពីទីក្រុងហុងកុង ៕ (ប្រភព៖ The New York Times)