មែនទែនទៅ ប្រតិបត្តិករប្រព័ន្ធអគ្គសនីអ៊ុនក្រែនអ៊ុក្រីននឺហ្គូ (Ukrenergo) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបានដាក់ពាក្យស្នើសុំតាំងពីខែមីនាមកម្ល៉េះ ដើម្បីនាំចេញការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់អឺរ៉ុបជាមួយប្រព័ន្ធថាមពលរបស់ប្លុកនេះ ហើយកន្លងមកទីក្រុងកៀវក៏បានទទូចទាមទារឱ្យសហភាពអឺរ៉ុបមានការអនុម័តលើសំណើនេះឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបានផងដែរ។
ហើយនៅទីបំផុត ប្រតិបត្តិករប្រព័ន្ធអគ្គសនីអ៊ុនក្រែនបានអះអាងថា កាលពីថ្ងៃទី ៧ មិថុនាថា ខ្លួនបានទទួលសិទ្ធិនាំចេញថាមពលរបស់ខ្លួនទៅកាន់អឺរ៉ុបហើយ។
លោកស្រី Lana Zerkal ទីប្រឹក្សារដ្ឋមន្ត្រីថាមពល បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា នៅពេលដែលសហភាពអឺរ៉ុបបើកឱ្យអ៊ុយក្រែននូវឱកាស ដើម្បីចាប់ផ្តើមលំហូរពាណិជ្ជកម្ម និងរកប្រាក់ពីការនាំចេញថាមពលអគ្គិសនី វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែនក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ទោះបីជាប្រទេសនេះកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាមក៏ដោយ។
លោកស្រី Lana Zerkal បានគូសបញ្ចាក់ថា ប្រព័ន្ធខ្សែអគ្គិសនីទាំងអស់របស់អ៊ុយក្រែន គឺត្រៀមខ្លួនជាស្រេចដើម្បីផ្គត់ផ្គង់អគ្គិសនីបន្ដទៅកាន់ប្រទេសតំបន់អឺរ៉ុបមួយចំនួនដូចជា រូម៉ានី ហុងគ្រី ស្លូវ៉ាគី និង ប៉ូឡូញជាដើម។
លោកស្រីបានបន្ថែមថា នៅចុងឆ្នាំនេះ នៅពេលដែលមានស្ថានការធម្មតាត្រឡប់មកវិញ អ៊ុយក្រែននឹងអាចរកប្រាក់ចំណូលបានប្រហែល ១,៦ ពាន់លានដុល្លារអាមេរិកពីការលក់ថាមពលអគ្គិសនីទៅឲ្យប្រទេសទាំងនេះ ខណៈនាពេលបច្ចុប្បន្ននេះក្រុមបច្ចេកទេសអ៊ុយក្រែនកំពុងតភ្ជាប់ប្រព័ន្ធអគ្គិសនីឲ្យសមស្របគ្នាជាមួយនឹងប្រព័ន្ធរបស់សហភាពអឺរ៉ុប។
គួររំឭកថា បណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ដែលធ្លាប់ស្ថិតក្រោមសហភាពសូវៀតបានចាប់ផ្តើមផ្តាច់ខ្លួនចេញពីបណ្តាញអគ្គិសនីរបស់រុស្ស៊ី និងបេឡារុស្សចាប់តាំងពីឆ្នាំ ២០១៤ បន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀជាទឹកដីរបស់ខ្លួន។
យ៉ាងណាមិញ បណ្តាញអគ្គិសនីអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តពីរុស្ស៊ីនៅក្នុងខែកុម្ភៈ នៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលប្រការនេះ បានធ្វើឱ្យអ៊ុយក្រែនផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយទីក្រុងមូស្គូលឿនជាងការគ្រោងទុក៕