តាមរយៈរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំរបស់ខ្លួន អង្គការសហប្រជាជាតិ បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៧% នៅឆ្នាំនេះ ពោលគឺកើនឡើងពីអត្រា២,៤% ក្នុងរបាយការណ៍កាលពីខែមករា ហើយនឹងមានកំណើន២,៨% នៅក្នុងឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ លោក សានតានូ មូឃើជី (Shantanu Mukherjee) នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់អង្គការសហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការព្យាករនេះ គឺជាសុទិដ្ឋិនិយមមួយ ប៉ុន្តែលោកក៏បានព្រមានពីបញ្ហាប្រឈមសំខាន់ៗផងដែរដូចជាអត្រាការប្រាក់ដែលនៅតែកើនខ្ពស់ បញ្ហាប្រឈមក្នុងការសងបំណុល ការបន្តភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យអាកាសធាតុ ជាពិសេសសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក និងប្រទេសកោះតូចៗតែម្ដង។
លោក មូឃើជី មើលឃើញថា អតិផរណាក្នុងប្រទេសមួយចំនួននៅតែបន្តកើនខ្ពស់ ហើយនៅទូទាំងពិភពលោកតម្លៃថាមពល និងអាហារកំពុងកើនឡើងនៅប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែវានឹងកាន់តែអាក្រក់ជាងនេះទៅទៀតនៅពេលអតិផរណាបន្តកើនលើសគោលដៅ២% របស់ធនាគារកណ្តាលនៅតាមប្រទេសអភិវឌ្ឍន៍ជាច្រើននៅក្នុងរយៈពេលយូរទៀតនោះ។
ការព្យាកររបស់អង្គការសហប្រជាជាតិ សម្រាប់កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៤ នេះ មានកម្រិតទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលបានធ្វើកាលពីពាក់កណ្ដាលខែមេសា ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា នឹងមានកំណើន៣,២% សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ រីឯអង្គការ OECD ព្យាករថានឹងមានកំណើន៣,១%ក្នុងឆ្នាំនេះ និង៣,២%នៅឆ្នាំ២០២៥៕
អត្ថបទ៖ សុខ មង្គល