ការអនុញ្ញាតឲ្យធនាគារកសិកម្មរុស្ស៊ី អាចចូលទៅប្រើប្រាស់ប្រព័ន្ធ SWIFT ឡើងវិញ គឺយន្ដការបើកផ្លូវមួយរបស់អង្គការសហប្រជាជាតិដើម្បី ទាញរុស្ស៊ីឲ្យចូលមកក្នុងកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញ។
អគ្គលេខាធិការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធឺរ៉េស បានប្រាប់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ថ្មីៗនេះថា ស្ថាប័នប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT បានបញ្ជាក់ថា ធនាគារ RSHB Capital S.A. ជាបុត្រសម្ពន្ធនៃធនាគារកសិកម្មរបស់រុស្ស៊ីមានមូលដ្ឋាននៅប្រទេសលុចសំបួនឹងមានសិទ្ធិស្នើសុំសមាជិកភាព និងការចូលទៅប្រើប្រព័ន្ធ SWIFT ឡើងវិញ សម្រាប់ប្រតិបត្តិការទាក់ទងនឹងពាណិជ្ជកម្មអាហារ និងជី ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ដែលជាអ្នកបោះផ្សាយលក់មូលបត្របំណុល។
លោក ហ្គូធឺរ៉េស បានដាក់ចេញវិធានការចំនួន៤ ដែលអង្គការសហប្រជាជាតិអាចជួយសម្រួលដល់ការកែលម្អការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ក្នុងបំណងបញ្ចុះបញ្ចូលទីក្រុងមូស្គូឱ្យវិលទៅរកកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដោយសុវត្ថិភាពតាមច្រកសមុទ្រខ្មៅ។
លោក ហ្គូធឺរ៉េស បានប្រាប់លោក ឡាវរ៉ូវ ថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការទាំងអស់នេះ «ដោយផ្អែកលើការយោគយល់គ្នាយ៉ាងច្បាស់ថា ការសម្រេចដាក់ចេញវិធានការទាំងនេះ នឹងនាំឱ្យសហព័ន្ធរុស្ស៊ីអាចវិលទៅរកគំនិតផ្តួចផ្តើមសមុទ្រខ្មៅ និងការបន្តប្រតិបត្តិការពេញលេញឡើងវិញ។
ក្រសួងការបរទេសរុស្ស៊ីបានសម្តែងការសង្ស័យនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍មុន ចំពោះសំណើរបស់លោក ហ្គូធឺរ៉េស ដោយនិយាយថា ជំនួសឱ្យការលើកលែងជាក់ស្តែងពីទណ្ឌកម្ម អ្វីទាំងអស់ដែលរុស្ស៊ីទទួលបាន គឺជាការសន្យាថ្មីមួយពីលេខាធិការដ្ឋាន សហប្រជាជាតិ ហើយថាសំណើថ្មីៗទាំងនេះ មិនមានធាតុថ្មីណាមួយឡើយ ដូច្នេះហើយវាមិនអាចធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យមានវឌ្ឍនភាព ជាក់ស្តែង ណាមួយ ដើម្បីឲ្យរុស្ស៊ីវិលទៅរកកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញដូចមុនបានឡើយ។
សូមរំលឹកថា ប្រទេសរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនេះ នៅក្នុងខែកក្កដា គឺក្រោយពេល១ឆ្នាំបន្ទាប់ពីសហប្រជាជាតិ និងប្រទេសតួកគី បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារពិភពលោក ដែលសហប្រជាជាតិនិយាយថា វាកាន់តែអាក្រក់ទៅៗ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន តាំងពីខែកុម្ភ ឆ្នាំ២០២២ ខណៈដែលអ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេនៅក្នុងពិភពលោក៕