គិតត្រឹមថ្ងៃទី ២០ ខែមេសានេះ តម្លៃប្រេងឆៅរបស់ អាមេរិក West Texas Intermediate បានថយចុះប្រមាណ ២០% មកនៅត្រឹម ១៤,៤៧ ដុល្លារ ក្នុងមួយបារ៉ែលប៉ុណ្ណោះ ដោយសារតែទទួលផលរងគ្រោះ ពីមេរោគកូវីដ១៩ ហើយកន្លែងស្តុកទុកប្រេងជាច្រើន គឺពេញហូរហៀរ លើសពីតម្រូវការទៅហើយ។
ដោយឡែក តម្លៃទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស បានថយចុះបន្តិច ប្រមាណ ៤% មកនៅត្រឹម ២៧ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ចុះនៃតម្លៃប្រេងឆៅអាមេរិក កើតមានឡើងនៅពេលដែល វិនិយោគិន ចាប់ផ្តើមបញ្ចេញលក់ប្រេងយ៉ាងច្រើន ដោយសារតែភាពមិនច្បាស់លាស់ថាតើ មានកន្លែងស្តុកទុកគ្រប់គ្រាន់ សម្រាប់ប្រេងឆៅដែលផលិតលើសដែរ ឬទេ?
លើសពីនេះ អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត បានសម្រេចកាត់បន្ថយផលិតកម្មប្រេងជាង ៩,៧ លានបារ៉ែល ក្នុងមួយថ្ងៃ ដើម្បីជួយស្រោចស្រង់ដល់តម្លៃប្រេងឡើងវិញ តែយ៉ាងណាក៏ដោយ បរិមាណកាត់បន្ថយនេះ គឺនៅមានកម្រិតទាបនៅឡើង ដែលពុំអាចទាក់ទាញទំនុកចិត្តវិនិយោគិនបាននោះទេ។
ដោយឡែក តម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជា ក៏មានការធ្លាក់ចុះ ស្របទៅនឹងទីផ្សារអន្តរជាតិដែរ ហើយបើតាមសេចក្តីជូនដំណឹងពី ក្រសួងពាណិជ្ជកម្មកម្ពុជា ចំពោះតម្លៃប្រេងសាំងធម្មតា នៅកម្ពុជា គិតចាប់ពីថ្ងៃទី ១៦ ដល់ដំណាច់ខែមេសា នេះ ត្រូវលក់ក្នុងតម្លៃ ២.២៥០រៀល ក្នុងមួយលីត្រ ដែលថយចុះ ១០០រៀល ធៀបនឹងតម្លៃលក់ កាលពីដើមខែមេសា រីឯតម្លៃប្រេងម៉ាស៊ូតថយចុះ ១៥០រៀល មកនៅត្រឹម ២.៣០០រៀលក្នុងមួយលីត្រ។
គួររម្លឹកដែរថា គិតតាំងពីដើមឆ្នាំ ២០២០មក តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះជាបន្តបន្ទាប់ ពីប្រមាណ ៣.៧៥០រៀល ក្នុងមួយលីត្រ នៅដើមខែមករា មកនៅត្រឹម ២.២៥០រៀល ក្នុងមួយលីត្រចាប់ពីថ្ងៃនេះ ដល់ដំណាច់ខែមេសា ហើយអ្នកជំនាញ អះអាងថា ការថមថយចុះនេះ គឺដោយសារតែមាន បញ្ហាជាច្រើនកំពុងកើតមានឡើងនៅជុំវិញសកលលោក រួមមាន វិបត្តិមេរោគកូវីដ១៩ និងការផលិតប្រេងឆៅលើសពីតម្រូវការ ដែលបានទាញទម្លាក់តម្លៃទីផ្សារប្រេងឆៅនៅលើសកលលោក ឲ្យបន្តធ្លាក់ចុះឥតស្រាកស្រាន្ត៕