របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ របស់អង្គការរូបិយវត្ថុអន្តរជាតិ អំពីសេដ្ឋកិច្ចអាមេរិកបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២១នេះ នឹងមានកំណើនដល់ទៅ ៧% ហើយវាជាកំណើនលឿនបំផុតមួយគិតតាំងពីឆ្នាំ១៩៨៤មក ហើយល្បឿនកំណើននេះ វាក៏បានជំរុញដល់ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២២ថា នឹងអាចកើនដល់ ៤,៩%ផងដែរ។
ការបង្កើនការព្យាករកំណើនសេដ្ឋកិច្ចអាមេរិក ពីសំណាក់អង្គការមូលនិធិរូបិយវត្ថុពិភពលោកនាពេលនេះ គឺនៅចំពេលដែលទិន្នន័យបង្ហាញថា ទីផ្សារការងារនៅអាមេរិកមានស្ថានភាពប្រសើរឡើងវិញហើយ បន្ទាប់ពីអាមេរិកបានសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ជំរុញដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមនឹងការសាទរចំពោះគោលនយោបាយរបស់ចូបៃឌិនប្រធានាធិបតីអាមេរិក ក្នុងការគាំទ្រសេដ្ឋកិច្ច ប៉ុន្ដែ អង្គការរូបិយវត្ថុអន្តរជាតិ ក៏បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះការមិនព្រមដកចេញនូវពន្ធគយលើមុខទំនិញនាំចូលដូចជា ដែក និងអាលុយមីញ៉ូម ដែលកន្លងមកត្រូវបានដាក់ដោយប្រធានាធិបតីអាណត្តិមុន។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា សហរដ្ឋអាមេរិក គឺមានការងើបឡើងវិញឲ្យកត់សម្គាល់ ដែលវាត្រូវបានជួយដោយការគាំទ្រមិនធ្លាប់មានពីមុនមក តាមរយៈកញ្ចប់ថវិកាចំណាយរដ្ឋាភិបាល និងវិធានការជំរុញសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពពីសំណាក់ធនាគារកណ្ដាលរបស់ខ្លួន។
របាយការណ៍របស់ IMF បានកត់សម្គាល់ឃើញពីសក្ដានុពលនៃកំណើនរបស់អាមេរិក ដែលអាចនឹងមានខ្ពស់ជាងអ្វីដែលបានព្យាករទុក ប៉ុន្ដែ ជាទស្សនវិស័យ IMF រំពឹងថា អាមេរិកអាចនឹងមានការចំណាយច្រើនទៀត ដល់ទៅ ៤,៣ទ្រីលានដុល្លារ នៅក្នុងរយៈពេល១ទសវត្សរ៍ខាងមុខនេះ ដើម្បីជំរុញការបង្កើតការងារ និងជំរុញជីវភាពគ្រួសារពលរដ្ឋអាមេរិក។
សូមបញ្ជាក់ថា បើទោះបីជា អាមេរិកបាននិងសម្រុកចាក់វ៉ាក់សាំងបានច្រើនក៏ពិតមែន ប៉ុន្ដែនៅមានតំបន់មួយចំនួននៅតែមានភាពយឺតយ៉ាវនៅឡើយ ដែលវាកំពុងក្លាយជាក្ដីបារម្ភថា អាចនឹងមានការផ្ទុះឆ្លងរាតត្បាតនូវមេរោគបំប្លែងថ្មី ឌែលតា ខណៈដែលបច្ចុប្បន្នមេរោគនេះ កំពុងបន្ដរីករាលដាលយ៉ាងសកម្មនៅពាសពេញពិភពលោក៕