យ៉ាងណាមិញ ការសាកល្បងអាវុធមីស៊ីលជាច្រើនលើក ច្រើនសាររបស់ទីក្រុងព្យុងយ៉ាងនៅប៉ុន្មានខែចុងក្រោយនេះ ក៏បានដុតកម្ដៅឲ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន គឺអាមេរិក មិនអាចឱបដៃឈរមើលឡើយ ដោយថ្មីៗនេះសម្ព័ន្ធមិត្តទាំងពីរ ក៏បានរួមគ្នាបាញ់បង្ហោះមីស៊ីល ដើម្បីសម្ញែងឫទ្ធ ឆ្លើយតបទៅកាន់កូរ៉េខាងជើងវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក សុន គីម (Sung Kim) តំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយមន្ត្រីទីក្រុងព្យុងយ៉ាងមួយចំនួនក៏បានប្រើវោហាសាស្ត្រ ដែលបង្ហាញពីផែនការ អាចស្នើឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏មានសក្តានុពលណាមួយរបស់ខ្លួនផងដែរ។
លោក សុន គីម បានរំលឹកឡើងវិញថា តាមការវាយតម្លៃរបស់សហរដ្ឋអាមេរិក កូរ៉េខាងជើងកំពុងរៀបចំធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ តំណាងប្រេសិតពិសេសសហរដ្ឋអាមេរិករូបនេះ បានកត់សម្គាល់ថា កាលពីថ្ងៃទី ៥ ខែមិថុនា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៨ គ្រាប់ចេញពីផ្នែកផ្សេងៗនៃប្រទេសរបស់ខ្លួន ដែលជាការបាញ់បង្ហោះច្រើនបំផុតមិនធ្លាប់មានពីមុនមក។
លោកបានគូសបញ្ជាក់ទៀតថា "គិតមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងសរុបចំនួន ៣១ គ្រាប់ក្នុងឆ្នាំ ២០២២ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន បើធៀបនឹងឆ្នាំ ២០១៩ ដែលមានត្រឹម ២៥ គ្រាប់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា លោក សុន គីម បានបញ្ជាក់ជាថ្មីពីឆន្ទៈនិងគោលជំហររបស់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានានា ដែលក្រុងព្យុងយ៉ាងកំពុងជួបប្រទះ។ លោកបានបន្ថែមថា ផ្ទុយទៅវិញ ទីក្រុងព្យុងយ៉ាងហាក់មិនបានបង្ហាញពីជំហរក្នុងការចូលរួមជាមួយអាមេរិកនោះទេ ជាអាទិ៍ដូចជា ការផ្ដល់ជំនួយពីអាមេរិក ដើម្បីដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងនាពេលថ្មីៗនេះជាដើម។
គួររំលឹកថា កាលពីថ្ងៃទី ៧មិថុនា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នាមួយ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វេនដី ស៊ើរមែន (Wendy Sherman) មកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតប "យ៉ាងរហ័ស និងកំញើញផងដែរ" ប្រសិនបើកូរ៉េខាងជើង ហ៊ានសាកល្បងអាវុធនុយក្លេអ៊ែរមែននោះ។ កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ក៏បានរួមគ្នាទទូចឲ្យកូរ៉េខាងជើងវិលមករកតុចរចាគ្នាឡើងវិញ និងជំរុញឲ្យមានការទទួលយកជំនួយកូវីដ១៩ សម្រាប់សង្គ្រោះពលរដ្ឋកូរ៉េខាងជើង ដែលកំពុងប្រឈមនឹងការរាតត្បាតកូវីដ១៩ខ្លាំងក្លាផងដែរ។
យ៉ាងណាមិញ តំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានថ្លែងថា វាជារឿងគួរឲ្យសោកស្តាយណាស់ដែលចិន និងរុស្ស៊ីបានវេតូចំពោះការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងមីស៊ីលនាពេលថ្មីៗនេះ។
ប្រេសិតពិសេសអាមេរិករូបនេះ សង្កត់ធ្ងន់ថា "កង្វល់មួយរបស់លោកគឺថា នៅពេលដែលកូរ៉េខាងជើង មើលឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មិនអាចឆ្លើយតបរួមគ្នា ចំពោះទង្វើរបស់ខ្លួនបាន នោះជាការពិត វានឹងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងនៅតែបន្តសកម្មភាពបង្កហេតុបន្ថែមទៀត ចំពោះកម្សោយនៃអង្គការអន្តរជាតិមួយនេះ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ