គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធនៃធនាគារកណ្តាលអាម៉េរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃថា ពេលនេះអតិផរណាកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ២% តាមការកំណត់របស់ពួកគេ ដូច្នេះហើយធនាគារនេះបន្តរក្សាអត្រាការប្រាក់គោលឱ្យនៅដដែលក្នុងចន្លោះពី៥,២៥% ទៅ៥.៥០% ប៉ុន្តែនឹងបើកចំហចំពោះការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៧-១៨ ខែកញ្ញា ខាងមុខ។
ការធ្លាក់ចុះកម្រិតអត្រាអតិផរណាជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានជំរុញឱ្យមានការយល់ស្របយ៉ាងទូលំទូលាយថា សមរភូមិអតិផរណាជិតដល់ទីបញ្ចប់ហើយ តែយ៉ាងណាមន្ត្រីធនាគារនេះ ក៏មានការប្រុងប្រយ័ត្នខ្លាំងណាស់ដែរចំពោះសកម្មភាពណាមួយដែលអាចរារាំងដល់វិធីសាស្រ្តក្នុងការកំណត់គោលនយោបាយរូបិយវត្ថុនេះ។
ប្រធានធនាគារកណ្តាលអាម៉េរិក លោក Jerome Powell បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា លោកមិនទាន់សម្រេចចិត្តអំពីការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខាងមុខនេះនៅឡើយទេ គឺអាស្រ័យលើការពិភាក្សានៅក្នុងកិច្ចប្រជុំជាក់ស្ដែង។ តែយ៉ាងណាលោកអះអាងថា វាទំនងជាដល់ពេលសមស្របដែលធនាគារកណ្តាលអាម៉េរិកគួរកាត់បន្ថយអត្រាការប្រាក់ហើយ បន្ទាប់ពីមន្ត្រីធនាគារនេះទទួលបានទំនុកចិត្តថា សេដ្ឋកិច្ចកំពុងខិតទៅជិតចំណុចល្អប្រសើរ៕
អត្ថបទ៖ សុខ មង្គល