ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូមី ផូវែល (Jerome Powell) បានប្រាប់គណៈកម្មាធិការធនាគារព្រឹទ្ធសភាថា ធនាគារកណ្តាលរបស់សហព័ន្ធបានមើលឃើញពីស្ថានភាពនៃការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងនូវអត្រាអតិផរណាដ៏អាក្រក់បំផុតដែលអាមេរិកបានជួបក្នុងរយៈពេល៤ទសវត្សរ៍។ លោក ផូវែល អះអាងថា អត្រាអតិផរណាបានធូរស្រាលគួរឱ្យកត់សម្គាល់ ទោះបីវានៅមិនទាន់ដល់គោលដៅ២% ដែលធនាគារកណ្តាលចង់បានក៏ដោយ។
គួរបញ្ជាក់ថា ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ ធនាគារកណ្តាលអាម៉េរិក បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់ទៅ១១ដង រហូតអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គឺឡើងដល់៥,៣% ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលបានកើនឡើងដល់ទៅ៩,១% នៅឆ្នាំ២០២២។
ជុំវិញបញ្ហានៃការកើនឡើងនៃអត្រាអត់ការងារធ្វើដែលកើនដល់៤% កាលពីខែមិថុនា លោក ផូវែល បានប្រាប់ព្រឹទ្ធសមាជិកអាម៉េរិកថា ទីផ្សារការងារមិនមែនជាប្រភពនៃសម្ពាធអតិផរណាទូលំទូលាយសម្រាប់សេដ្ឋកិច្ចអាម៉េរិកឡើយ ហើយលោកក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តណាមួយរបស់ធនាគារកណ្តាល គឺមិនពាក់ព័ន្ធនឹងនយោបាយ ក៏ដូចជាដំណើរការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនោះទេ។
លោកបានលើកឡើងថា ការសម្រេចចិត្ត គឺចាំបាច់ត្រូវមានទស្សនវិស័យវែងឆ្ងាយ លើគោលនយោបាយអត្រាការប្រាក់ និងអតិផរណា ហើយការបង្កើនការចំណាយលើការខ្ចីប្រាក់ ដើម្បីព្យាយាមបន្ថយការឡើងថ្លៃទំនិញ ជារឿយៗជារឿងនយោបាយដែលមិនពេញនិយម ហើយអ្នកសេដ្ឋកិច្ចបានជឿជាក់ជាយូរមកហើយថា ការធានានូវឯករាជ្យភាពរបស់ធនាគារកណ្តាលពីសម្ពាធនយោបាយ គឺជាការចាំបាច់ក្នុងការចាត់វិធានការត្រឹមត្រូវសម្រាប់សេដ្ឋកិច្ច៕
ដោយៈ សរ សុជាតិ