ប្រធានសភាអាមេរិកកំណត់ថានឹងជួបមេដឹកនាំកោះតៃវ៉ាន់

ប្រធានសភាអាមេរិកកំណត់ថានឹងជួបមេដឹកនាំកោះតៃវ៉ាន់នៅនៅថ្ងៃពុធនេះ ទោះជាបីជាចិនព្រមានខ្លាំងៗក៏ដោយ


ទីបំផុតប្រធានសភាសហរដ្ឋអាមេរិកលោក ខេវិន ម៉េកខាធី នឹងរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន នៅទីក្រុងឡូសអេនជឺឡេស នៅថ្ងៃពុធ ទី៥ ខែមេសា។ មហាយក្សចិនបានព្រមានប្រធានសភាអាមេរិករូបនេះកាលពីថ្ងៃអង្គារ ឱ្យចៀសវាងជួបលោកស្រី សៃ អ៊ីងវិន នៅទីនោះ ព្រោះវាជាការជាន់ដានកំហុសអតីតកាលដ៏គ្រោះថ្នាក់មួយ។ ចិននិយាយទៀតថា ជំនួបទ្វេភាគីនេះនឹងមិនជួយអ្វីដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ វាមានតែធ្វើឱ្យពលរដ្ឋចិនរួបរួមគ្នាប្រឆាំងនឹងសត្រូវតែមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រធានសភាអាមេរិកកំណត់ថានឹងជួបមេដឹកនាំកោះតៃវ៉ាន់នៅនៅថ្ងៃពុធនេះ ទោះជាបីជាចិនព្រមានខ្លាំងៗក៏ដោយ
ដោយ

លោក ម៉េកខាធី មកពីគណបក្សសាធារណរដ្ឋ និង ជាមេដឹកនាំជាន់ខ្ពស់ថ្នាក់ទីបីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី និងអនុប្រធានាធិបតី គ្រោងជួបប្រជុំជាមួយលោកស្រី សៃ អ៊ីងវិន ប្រធានាធិបតីតៃវ៉ាន់ នៅរដ្ឋកាលីហ្វ័រញ៉ា នាថ្ងៃពុធ ទី៥ ខែមេសា អំឡុងពេលដែលលោកស្រីធ្វើដំណើរឈប់សំចតដ៏ចម្រូងចម្រាស់មួយ នៅលើទឹកដីសហរដ្ឋអាមេរិក។ ការណ៍នេះបានជំរុញឱ្យប្រទេសចិនធ្វើការគំរាមកំហែងចាត់វិធានការតបតចំពោះទង្វើនេះ។

ប្រទេសចិនដែលបានទាមទារថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ បានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីអតីតប្រធានសភាសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីតៃប៉ិរបស់កោះតៃវ៉ាន់។

លោកស្រី សៃ នឹងឈប់សម្រាកនៅទីក្រុងឡូសអេនជឺឡេស អំឡុងដំណើរវិលត្រឡប់ទៅកាន់ទីក្រុងតៃប៉ិវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាល ហើយសហរដ្ឋអាមេរិកបាននិយាយថា ការឈប់សម្រាកបែបនេះគឺជាទម្លាប់ធម្មតា ដែលវាមិនចាំបាច់ដល់ថ្នាក់ធ្វើឲ្យចិនបញ្ចេញប្រតិកម្មខ្លាំងពេកនោះទេ។

ប៉ុន្តែស្ថានកុងស៊ុលចិនប្រចាំទីក្រុងឡូសអេនជឺឡេសបាននិយាយថា វាជារឿងមិនពិតដែលថាវាគ្រាន់តែជាការឆ្លងកាត់នោះ។ ស្ថានកុងស៊ុលចិនបានបន្ថែមថា លោកស្រី សៃ កំពុងចូលរួមក្នុងការផ្លាស់ប្តូរយោបល់គ្នាជាផ្លូវការ ដើម្បី«បង្ហាញនៅក្នុងកម្មវិធីនយោបាយ»។

ស្ថានកុងស៊ុលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនថាលោក ម៉េកខាធី នឹងជួបជាមួយលោកស្រី សៃ ក្នុងសមាសភាពបែបណានោះទេ គឺកាយវិការនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់ប្រជាជនចិន បញ្ជូនសញ្ញាខុសធ្ងន់ធ្ងរដល់កម្លាំងបំបែកខ្លួននៅតៃវ៉ាន់ និងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។

ស្ថានកុងស៊ុលនេះបានបន្ថែមថា ទង្វើនេះមិនអំណោយផលដល់សន្តិភាព សន្តិសុខ ឬក៏ស្ថិរភាពក្នុងតំបន់នោះទេ ហើយវាក៏មិនស្ថិតនៅក្នុងផលប្រយោជន៍រួមរវាងប្រជាជនចិន និងប្រជាជនអាមេរិកនោះដែរ។

ស្ថានកុងស៊ុលនេះបានបន្ថែមទៀតថា លោក ម៉េកខាធី កំពុងតែព្រងើយកន្តើយនឹងមេរៀនពីកំហុសអតីតកាលរបស់អ្នកកាន់តំណែងសភាមុននេះ គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិកាលពីឆ្នាំមុន ហើយថាលោកក៏កំពុងតែព្យាយាមលេង«សន្លឹកបៀតៃវ៉ាន់»។

បើតាមស្ថានកុងស៊ុលចិន លោក ម៉េកខាធី ច្បាស់ជានឹងដើរជាន់ដានកំហុសអតីតកាលដ៏មហន្តរាយនេះ ព្រមទាំងធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិកថែមទៀត ហើយទង្វើនេះមានតែពង្រឹងឆន្ទៈនិងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ប្រជាជនចិនក្នុងការទប់ទល់សត្រូវរួមគ្នា និងគាំទ្រដល់ឯកភាពជាតិតែប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ប្រទេសចិនគ្មានសិទ្ធិត្អូញត្អែរចំពោះដំណើរទស្សនកិច្ចនេះទេ ព្រោះថាប្រទេសចិនមិនមែនជាអ្នកគ្រប់គ្រងកោះនេះឡើយ។ ប្រភពដដែលបន្តថា ការរិះគន់របស់ប្រទេសចិនថ្មីៗនេះចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី សៃ គឺជារឿងមិនសមទំនងទាល់តែសោះ។

ក្រសួងតៃវ៉ាន់នេះបានបន្ថែមថា ទោះបីជារដ្ឋាភិបាលផ្តាច់ការចិននៅតែបន្តធ្វើការពង្រីកទឹកដីរបស់ខ្លួន និងបង្កើនការបង្ខិតបង្ខំក៏ដោយ ក៏កោះតៃវ៉ាន់នឹងមិនថយក្រោយនោះឡើយ៕អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


គោលនយោបាយដ៏សំខាន់ស្ដីពីអាកាសធាតុរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាក់ទាញក្រុមហ៊ុនយក្សចិនក្នុងវិស័យថាមពលស្អាត

ក្រុមហ៊ុនចិនដែលឈានមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ កំពុងចូលរួមក្នុងការប្រណាំងប្រជែងដើម្បីបើករោងចក្រនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រ…

ហ្វីលីពីនប្រកាសមូលដ្ឋានទ័ពបួនកន្លែងថែមទៀត សម្រាប់ឱ្យកងទ័ពសហរដ្ឋអាមេរិកប្រើការ

ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទបានប្រកាសអំពីទីតាំងមូលដ្ឋានយោធា 4 កន្លែងបន្ថែមទៀត ពីលើមូលដ្ឋានដែលមានស្រាប់ចំនួន 5 កន្លែង សម្រាប់ឱ្យកងទ័ពសហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ