
ទោះបីប្រជាពលរដ្ឋអាម៉េរិកបាននាំគ្នាធ្វើបាតុកម្មស្ទើរពេញផ្ទៃប្រទេសទាមទារឱ្យលោក ត្រាំ ចុះចេញពីតំណែងក្រោយលោកដាក់ពន្ធបដិការលើប្រទេស និងដែនដីជាង១៨០យ៉ាងណាក្តី តែប្រធានាធបិតីរូបនេះនៅតែបង្ហាញមោកភាពចំពោះអ្វីដែលលោកបានធ្វើ ជាពិសេសបញ្ហារឿងពន្ធតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះលោក ត្រាំ ហាក់មិនខ្វល់ពីច្បាប់ពាណិជ្ជកម្មនោះទេ ដោយបានដំឡើងពន្ធលើទំនិញនាំចូលពីចិនខ្ពស់កប់ពពករហូតដល់១៤៥% ដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែឡើងកម្តៅ។
យ៉ាងណាមិញលោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការដាក់ពន្ធរបស់ខ្លួនលើប្រទេសចិននោះវានឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការចំណាយរបស់ពលរដ្ឋ តែវាគ្រាន់តែជាការប៉ះពាល់អន្តរកាលតែប៉ុណ្ណោះ។ ក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធខ្ពស់កប់ពពកលើចិន ទីផ្សារភាគហ៊ុននៅអាម៉េរិកដែលទើបកម្រើកឡើងវិញបានធ្លាក់ចុះមួយរំពេច ក្នុងនោះទីផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះជាង ៦%ភ្លាមៗ។
ពាក់ព័ន្ធការដាក់ពន្ធបដិការដ៏ខ្ពស់នេះ អ្នកវិភាគបានលើកឡើងថា អ្វីដែលសហរដ្ឋអាម៉េរិកបានដាក់មកលើចិន គឺលើសពីអ្វីដែលគេបានព្យាករទុកហើយនៅពេលនេះ។ ក្រុមអ្នកវិភាគបានឱ្យពិភពលោករង់ចាំមើលផលប៉ះពាល់លើប្រទេសចិន សហរដ្ឋអាម៉េរិក និងពិភពលោកទាំងមូល ប្រសិនបើមហាអំណាចទាំងពីរមិនអាចដោះស្រាយបញ្ហានេះបានទេនោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងចិនសម្រេចបាន៥៨២ពាន់លានដុល្លារ ក្នុងនោះសហរដ្ឋអាម៉េរិកមានឱនភាពពាណិជ្ជកម្មសរុបជាង២៩៥ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ