ឆ្លៀតពេលជាមួយគ្នានោះ មន្រ្តីកំពូលអាមេរិករូបនេះ ក៏បានព្រមានម្តងហើយម្តងទៀតដល់ប្រទេសចិន កុំឱ្យលូកដៃចូលជួយរុស្ស៊ីឲ្យសោះ នៅក្នុងវិបត្តិសង្គ្រាមអ៊ុយក្រែននេះ។
លោក Blinken នឹងធ្វើដំណើរទៅមកកាន់តំបន់អាស៊ីនៅថ្ងៃពុធសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងកិច្ចប្រជុំនេះ ក៏នឹងជួបជាមួយលោកជាមួយសមភាគីចិន លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនផងដែរ ប៉ុន្តែគ្មានតម្រុយថា លោក Blinken នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ើហ្គី ឡារូវ (Sergei Lavrov) នោះទេ។
ក្រុមអ្នកវិភាគព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិមើលឃើញថា ជំនួបថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេស G20 នេះ គឺជារឿងមួយដ៏ចម្រូងចម្រាស ព្រោះទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានបន្ទោសរុស្សីយ៉ាងខ្លាំងចំពោះទង្វើឈ្លានពានរបស់ខ្លួន ដែលបណ្តាលឲ្យកើតមានវិបត្តិស្បៀងអាហារសាកលដ៏ធ្ងន់ធ្ងរ។ ប៉ុន្ដែ ផ្ទុយទៅវិញទីក្រុងម៉ូស្គូកន្លងមក បានច្រានចោលការចោទប្រកាន់នេះ ដោយឆ្លើយតបទៅវិញថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅវិញទេ ដែលធ្វើឲ្យកើតមានបញ្ហាទាំងអស់នេះ ខណៈដែលប្រទេសអ៊ុយក្រែន និងរុស្សីជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតដូចគ្នា។
លោករ៉ាមីន ទូលូ (Ramin Toloui) ជំនួយការលេខាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ចអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា ក្នុងជំនួបកិច្ចប្រជុំ G20សប្ដាហ៍នេះ លោក Blinken នឹងលើកយករឿងសន្តិសុខថាមពល និងបញ្ហាស្បៀងនៅអ៊ុយក្រែន និងរុស្ស៊ីមកដាក់លើតុពិភាក្សា។
លោករ៉ាមីន ទូលូបានថ្លែងថា៖ «ក្រុមប្រទេស G20 គួរតែទទួចឲ្យរុស្សីទទួលខុសត្រូវ នឹងធ្វើតាមអង្គការសហប្រជាជាតិ ដើម្បីការបើកផ្លូវសមុទ្រឡើងវិញ ក្នុងការដឹកគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនមកកាន់ទីផ្សារពិភពលោក»។ លោកសង្គត់ធ្ងន់ថា «បើទោះបីជាកម្រិត G20 ឬកម្រិតបុគ្គលក្តី ពួកយើងត្រូវតែលើកឡើងពីបញ្ហានេះជាមួយរុស្សីឲ្យបានច្បាស់»។
មួយវិញទៀត អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា លោកដាញែល គ្រីថេនប្រីនក៍ (Daniel Kritenbrink) បានគូសបញ្ជាក់ថា៖ «លោករំពឹងថានៅក្នុងជំនួបនៅកោះបាលី លោក Blinken និងរដ្ឋមន្តី្រការបរទេសចិន លោក Wang Yi នឹងពិភាក្សា ក៏ដូចជាផ្តោះប្តូរជំហរវាងគ្នានឹងគ្នាដោយ «សុទ្ធចិត្ត» និងបង្ហាញពីក្តីសង្ឃឹមថ្មីមួយថាតើ ប្រទេសចិននឹងធ្វើអ្វី និងមិនធ្វើអ្វីក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន»។
គូររំលឹកបន្តិចថា ក្រោយពេលរុស្សីបើកវាយការប្រហារទៅលើអ៊ុយក្រែន ទីក្រុងប៉េកាំង និងវិមានក្រឹមឡាំងបានប្រកាសរួមគ្នាភាពជាដៃគូ «គ្មានដែនកំណត់» ហើយចិនព្រមទាំងបានបដិសេធមិនថ្កោលទោសទង្វើរបស់រុស្ស៊ី និងបានរិះគន់ទណ្ឌកម្មរបស់លោកខាងលិចយ៉ាងចាស់ដៃថែមទៀតផង។
ការណ៍នេះបានធ្វើឲ្យអាមេរិកព្រមានទីក្រុងប៉េកាំងយ៉ាងខ្លាំងពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ ប្រសិនបើចិនហ៊ានផ្តល់សម្ភារៈយោធាឲ្យរុស្សីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនមែននោះ។ ទោះបីជាបែបនេះក្តី មន្ត្រីអាមេរិកបានអះអាងថា មកទល់នឹងពេលនេះ ពួកគេមិនទាន់បានរកឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិកទៅលើរុស្សី ឬផ្តល់ឧបករណ៍យោធាណាមួយដល់រុស្ស៊ីនោះទេ។
លើសពីនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនបានហៅប្រទេសចិនថា ជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ហើយក៏មានការព្រួយបារម្ភដែរថា ចិនអាចនឹងមានការប៉ុនប៉ងក្នុងការប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់នៅថ្ងៃណាមួយ ដូចអ្វីដែលរុស្សីធ្វើមកលើអ៊ុយក្រែនក៏ថាបាន។
អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ាលោក Kritenbrink លើកឡើងទៀតថា «បើសេណារីយ៉ូវាដូច្នោះមែន អាមេរិកត្រូវតែរក្សាទំនាក់ទំនងបើកចំហរជាមួយសមភាគីចិនដោយខ្វះមិនបាន «ដើម្បីធានាថាទាំងអាមេរិក និងចិនអាចពារការគិតខុសណាមួយដែលអាចនាំឱ្យកើតមានជម្លោះ និងការប្រឈមមុខយោធាដាក់គ្នាដោយអចេតនា»៕