ថ្លែងតាមរយៈសេចក្តីថ្លែងការណ៍៍ ស្ថាតទូតអាមេរិកនៅទីក្រុងភ្នំពេញ បានអះអាងថា ខ្លួនមានការព្រួយបារម្ភដែលរដ្ឋាភិបាលកម្ពុជាបន្តប្រើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយមានលក្ខណៈនយោបាយ ដើម្បីយាយីពលរដ្ឋខ្លួន បន្ទាប់ពីមានការចាប់ខ្លួនមនុស្សចំនួន ដែលបានចូលរូមគោរពវិញ្ញាណក្ខន្ធរបស់សពលោក កែម ឡី។
ស្ថានទូតអាមេរិក បាននិយាយដូច្នេះថា ៖ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរតែអាចអនុវត្តសិទ្ធិរបស់គេ ក្នុងការបញ្ចេញទស្សនៈរបស់ពួកគេដោយសេរី និងក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី។ យើងតែងតែបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដកចេញនូវការរឹតត្បិតនយោបាយដ៏ហួសហេតុ ទៅលើមនុស្សទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោះលែងអ្នកជាប់ពន្ធនាគារទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ឬទាំងខុសច្បាប់ ហើយប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន។»
កាលពីថ្ងៃទី១០ ខែកក្កដា ២០១៩ ក្រុមអាជ្ញាធរបានចាប់ខ្លួនអ្នកគាំទ្រសពលោក កែម ឡី ចំនួន៧នាក់ ដោយសារពួកគេបានធ្វើពិធីរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រមួយចំនួនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីទទួលការចោទប្រកាន់។
អ្នកនាំពាក្យរដ្ឋាភិបាលនិងជាអ្នកនាំពាក្យគណបក្សកាន់អំណាច មិនបានឆ្លើយតបនឹងសំណួរដើមសុំប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកចុងក្រោយនេះទេ នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា នេះ។
ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរតាមសារតេឡេក្រាមប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា ការរំលឹកខួប៣ឆ្នាំនៃឃាតកម្មលោក កែម ឡី នៅស្ថានីយប្រេង កាល់តិច គឺជាការរំខានដល់សណ្តាប់ធ្នាប់សាធារណៈសង្គម និងដល់មុខរបររបស់អាជីវករឯកជន។
លោក សុខ ឥសាន បានសរសេរដូច្នេះថា «ការពាក់អាវរូប កែម ឡី និងចែកខិត្តប័ណ្ណផ្សព្វផ្សាយរូបលោក កែម ឡី គឺជាការញុះញង់ខាងនយោបាយ បណ្ដាលឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទ៍។»
លោក សុខ ឥសាន បានសរសេរបន្ថែមថា ការទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់យុវជន ជាការចង់ឲ្យបោះបង់ចោលនីតិរដ្ឋនៅកម្ពុជា។
លោក សុខ ឥសាន បានអះអាងថា ៖ «ការចាប់ខ្លួនអ្នក កែម ឡី និយម២នាក់ ជាការសមស្របណាស់ តាមទង្វើបោះពុម្ពអាវយឺតរូប កែម ឡី និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍។»
កាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដកចេញនូវការរឹតត្បិតផ្នែកនយោបាយ និងដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអតីតមេបក្សប្រឆាំង លោក កឹម សុខា ផងដែរ៕