មិនមែនតែជាមួយចិននោះទេ ដែលអាមេរិកកំពុងសើរើទំនាក់ទំនងពាណិជ្ជកម្មជាមួយតាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរាប់រយពាន់លានដុល្លារនោះ ជាមួយនឹងមិស៊ិចកូ និងបណ្ដាប្រទេសមួយចំនួនទៀត ក៏ត្រូវបានប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកលេខមួយ មួយនេះកំពុងចាត់វិធានការ ដំឡើងពន្ធលើមុខទំនិញនាំចូលជាច្រើនជាបន្ដបន្ទាប់ផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ សូម្បីតែ ប្រទេសឥណ្ឌា ក៏កំពុងរកស៊ីមិនស្រួលចិត្តប៉ុន្មានដែរ ជាមួយអាមេរិក ព្រោះ រដ្ឋាភិបាលលោកដូណាល់ត្រាំ បានប្រកាសថា នឹងដក ការអនុគ្រោះពន្ធ លើទំនិញនាំចូលពីឥណ្ឌានៅដើមខែ មិថុនានេះហើយ ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញឥណ្ឌា ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកឯណោះ។
កាលពីថ្ងៃសុក្រ ទី ៣១ ខែ ឧសភា កន្លងទៅនេះ រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោកដូណាល់ត្រាំ បានប្រកាសថា អាមេរិក នឹងបញ្ចប់ការលើកលែងពន្ធលើទំនិញដែលនាំចូលពីឥណ្ឌា ចូលក្នុងទីផ្សារអាមេរិក នៅត្រឹមថ្ងៃទី ៥ ខែមិថុនា នេះ ខណៈដែលការអនុគ្រោះនេះ គឺបានផ្ដល់នូវប្រយោជន៍ជាច្រើនដល់ការនាំចេញ ទំនិញរបស់ឥណ្ឌាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារចូលទៅទីផ្សារអាមេរិក ក្នុងឋានៈឥណ្ឌាជាប្រទេសកំពុងអភិវឌ្ឍ។
សារព័ត៌មាន BBC បានរាយការណ៍ថា របបអនុគ្រោះពន្ធ សម្រាប់ប្រទេសឥណ្ឌា ក្រោមកម្មវិធី GSP នេះបានអនុញ្ញាតឲ្យទំនិញឥណ្ឌាចូលទីផ្សារអាមេរិក ប្រមាណ ៥ពាន់ ៦០០ លានដុល្លារអាមេរិក ដោយមិនមានបង់ពន្ធនោះឡើយ។
ការសើរើការធ្វើពាណិជ្ជកម្មនាពេលកន្លងមក ដោយមានការដកភាពអនុគ្រោះពន្ធផង និងដំឡើងពន្ធលើមុខទំនិញផង ចំពោះប្រទេសជាច្រើនយ៉ាងដូច្នេះ ត្រូវបានរដ្ឋាភិបាលអាមេរិក អះអាងថា គឺជាការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនៃការធ្វើជំនួញដែលស្មើភាពគ្នាទៅវិញទៅមក រវាងអាមេរិកនិងបណ្ដាប្រទេសនានា។
កាលពីខែមុននេះ អាមេរិក ក៏បានដកការអនុគ្រោះពន្ធដូចគ្នានឹងឥណ្ឌានេះ ពីប្រទេសតួកគី។
តាមសារព័ត៌មាន Bloomberg បានផ្សាយដែរថា ប្រទេសឥណ្ឌានេះ គឺជាអ្នកទទួលបានប្រយោជន៍ធំជាងគេ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលស្ថិតក្រោមការអនុគ្រោះពន្ធដែលអាមេរិកផ្ដល់ឲ្យនេះ។ ជាក់ស្ដែង មុខទំនិញ ឥណ្ឌាប្រហែល ៦,៣ ពាន់លានដុល្លារអាមេរិក ត្រូវបាននាំទៅអាមេរិក ដោយមិនជាប់ពន្ធ ខណៈដែលថៃ មាន ៤,៤ពាន់លានដុល្លារ ប្រេស៊ីល មាន២,៥ ពាន់លានដុល្លារ ឥណ្ឌូនេស៊ី មាន២,២ ពាន់លាន និងតួកគី មាន១, ៩ ពាន់លានដុល្លារ។ ក្នុងនោះ ផលិតផលសំខាន់ៗដែលឥណ្ឌានាំទៅអាមេរិក មានដូចជា គ្រឿងយន្ដ សម្ភារសម្រាប់ការធ្វើដំណើរ និងដែកជាដើម។
កាលពីថ្ងៃ សៅរ៍ ទី ០១ មិថុនា កន្លងទៅនេះដែរ ប្រទេសឥណ្ឌា ក៏បានចេញមុខប្រកាសដែរថា ខ្លួននឹងមានវិធានការការពារប្រយោជន៍ជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបនឹងការដកការអនុគ្រោះពន្ធ ពីសំណាក់សហរដ្ឋអាមេរិកនេះ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ឥណ្ឌា បានផ្ដល់នូវដំណោះស្រាយរួចរាល់អស់ហើយ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អាមេរិកមុនឹងមានការសម្រេចចិត្តដកការអនុគ្រោះពន្ធផ្លូវការនេះ ប៉ុន្ដែ អាមេរិក មិនបានទទួលយកដំណោះស្រាយឥណ្ឌាបានផ្ដល់ឲ្យនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចនិយាយថា ឥណ្ឌាមានឆន្ទៈក្នុងការចរចាបញ្ហាដំណើរការទីផ្សារនាំចេញរបស់អាមេរិកទៅកាន់ឥណ្ឌា ប៉ុន្ដែរដ្ឋាភិបាលអាមេរិក នៅតែបានសម្រេចចិត្តដកការអនុគ្រោះពន្ធចេញពីឥណ្ឌា ទោះបីជាមានការជំទាស់ពីក្រុមហ៊ុនអាមេរិករាប់រយ និងភាគីផ្សេងទៀតក៏ដោយ។
អ្នកជំនាញបានចាត់ទុកការសម្រេចចិត្តរបស់អាមេរិកនេះ គឺជាល្បែងដែលគ្មានអ្នកឈ្នះ ហើយតម្លៃទំនិញនាំចូលទៅអាមេរិកនឹងកើនឡើងជាងមុន ហើយអាចនឹងត្រូវរងវិធានការវាយបកវិញពីឥណ្ឌាវិញផងដែរ។
បើតាមអ្នកជំនាញការដកការអនុគ្រោះពន្ធចេញពីឥណ្ឌានេះ នឹងធ្វើឲ្យក្រុមហ៊ុនអាមេរិកដែលនាំទំនិញចេញពីឥណ្ឌាំទៅអាមេរិក ត្រូវរងការខាតបង់ចំណូលប្រមាណ ៣០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយសារតែត្រូវបង់ពន្ធនាំចូល។
ឥណ្ឌា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនដែលរងផលប៉ះពាល់ដោយសារតែការយកពន្ធលើដែកថែប និងអាលុយមីញ៉ូម កាលពិឆ្នាំមុន។ រដ្ឋាភិបាលឥណ្ឌា ក៏ធ្លាប់បានប្រកាសដែរថា នឹងដំឡើងពន្ធលើទំនិញរបស់អាមេរិកវិញ ក្នុងតម្លៃ ២៤០ លានដុល្លារដែរ ប៉ុន្ដែ គេសង្កេតឃើញថា បានគ្រាន់តែប្រកាសច្រើនដងហើយ តែមិនឃើញមានអនុវត្តឲ្យចេញជាប្រសិទ្ធភាពនៅឡើយទេ។
ទោះយ៉ាងណា រដ្ឋាភិបាលឥណ្ឌា បានអះអាងថា ទោះបីជាអាមេរិក សម្រេចដកការអនុគ្រោះពន្ធពីឥណ្ឌាក៏ដោយ ប៉ុន្ដែ វានឹងធ្វើឲ្យប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់សេដ្ឋកិច្ចប្រទេសឥណ្ឌា ប៉ុន្ដែ គ្រាន់តែថា វាកើតឡើង ចំពេលដែលប្រទេសនេះ កំពុងមានកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាគ្មានការងារធ្វើកំពុងកើនឡើងខ្ពស់។
របាយការណ៍មួយដែល បានផ្សាយដោយ Bloomberg បង្ហាញថា ប្រទេសឥណ្ឌា មានអត្រាអ្នកគ្មានការងារធ្វើ ខ្ពស់ ពោលគឺក្នុងរយៈពេល៤៥ ឆ្នាំមកនេះ នៅឆ្នាំ ២០១៧ -២០១៨ កន្លងទៅ អត្រាអ្នកគ្មានការងារមានដល់ ៦,១% ខណៈដែល កំណើនសេដ្ឋកិច្ច នៅត្រីមាសទី ១ឆ្នាំ ២០១៩ មានកំណើនយឺតគិតក្នុងរយៈពេល ៥ឆ្នាំ គឺមានតែ ៥,៨% ប៉ុណ្ណោះ។
តាម ការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅឆ្នាំ ២០១៨ កន្លងទៅ ឥណ្ឌាបាននាំចេញទៅកាន់អាមេរិក មានតម្លៃជាទឹកប្រាក់ជាង ៥៤ ពាន់លានដុល្លារអាមេរិក ខណៈអាមេរិកនាំទៅឥណ្ឌាវិញ មានតម្លៃជាង ៣៣ ពាន់លានដុល្លារអាមេរិក។ ហើយបើគិតក្នុងត្រីមាសទី ១ឆ្នាំនេះវិញ ការនាំចេញរបស់ឥណ្ឌាទៅអាមេរិកមានប្រមាណ ១៥ ពាន់លានដុល្លារ ខណៈដែលអាមេរិក នាំទៅឥណ្ឌាវិញមានប្រមាណ ៩ពាន់លានដុល្លារអាមេរិក៕