នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ នៅក្នុងបទអត្ថាធិប្បាយមួយដែលចេញផ្សាយកាលពីថ្ងៃពុធ លោកបណ្ឌិត ហ៊្វូ ស៊ាវឈាំង (Fu Xiaoqiang) ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ សហសម័យចិន (CICIR) បានព្រមានថា ប្រទេសចិនចាំបាច់ត្រូវពង្រឹងសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ និងទប់ស្កាត់ការគំរាមកំហែងសន្តិសុខថ្មីៗដែលកាន់តែស្មុគស្មាញ និងពិបាករកឃើញ។
លោកបានគូសបញ្ជាក់ថា បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត (AI) ការក្លែងបន្លំរូបភាព និងសំឡេង ការរៀបចំព័ត៌មាន និងបច្ចេកវិទ្យាគណនាកង់ទិច អាចបង្កើតហានិភ័យលាក់កំបាំង ជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជន បំភាន់មតិប្រជាជន និងគំរាមកំហែងដល់សន្តិសុខជាតិ។ អ្នកជំនាញរូបនេះ ក៏បានព្រមានដែរថា ការប្រជែងគ្នារវាងមហាអំណាចកំពុងធ្វើឱ្យការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចក្លាយជាការប្រឈមមុខគ្នាផ្នែកសន្តិសុខកាន់តែធំឡើង។
លោកបានអំពាវនាវឱ្យចិនប្រើប្រាស់ AI និងទិន្នន័យទ្រង់ទ្រាយធំ ដើម្បីតាមដានហានិភ័យ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងពង្រឹងសុវត្ថិភាពប្រព័ន្ធឌីជីថល។
ទន្ទឹមនេះកាសែតអាម៉េរិក The New York Times បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកពីរផ្សេងទៀតបានរកឃើញការបំពានប្រព័ន្ធកុំព្យូទ័រ ដែលបណ្តាលឱ្យព័ត៌មានមួយចំនួនត្រូវបានលាតត្រដាង។ មន្ត្រីអាម៉េរិក និងប្រភពដែលដឹងពីករណីនេះបានឱ្យដឹងថា ការស៊ើបអង្កេតបឋមបង្ហាញថា ចិនអាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះដោយប្រើប្រាស់ឧបករណ៍ AI អភិវឌ្ឍនៅប្រទេសចិន និងមានការជាប់ពាក់ព័ន្ធការវាយប្រហារតាមអ៊ីនធឺណិតរាប់សិបករណីនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណា មន្ត្រីអាម៉េរិកបានបញ្ជាក់ថា មិនមានព័ត៌មានដែលត្រូវបានចាត់ថ្នាក់ជាសម្ងាត់ណាមួយរងការប៉ះពាល់នោះទេ។
ស្ថានការណ៍វិវឌ្ឍន៍ទាំងនេះបង្ហាញថា សន្តិសុខតាមអ៊ីនធឺណិតកំពុងក្លាយជាសមរភូមិប្រជែងឥទ្ធិពលដ៏សំខាន់មួយរវាងចិន និងអាម៉េរិក ខណៈភាគីទាំងពីរបន្តបង្ហាញការព្រួយបារម្ភចំពោះការគំរាមកំហែងផ្នែកឌីជីថល និងសង្ស័យគ្នាទៅវិញទៅមក៕
ដោយ: តែម សុខុម