ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express ឲ្យដឹងថា កិច្ចព្រមព្រៀងជាច្រើនដែលអាមេរិកនិងវៀតណាមបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ ទី១២ វិច្ឆិកា រួមមាន កិច្ចសន្យាទិញនិងថែទាំម៉ាស៊ីនយន្តហោះ និងគម្រោងផ្គត់ផ្គង់និងស្តុកឧស្ម័នធម្មជាតិរាវ (Liquified Natural Gas)។
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងអាកាសចរណ៍ឯកជន VietJet បានចុះកិច្ចសន្យាទិញម៉ាស៊ីនយន្តហោះពីក្រុមហ៊ុនផលិតយន្តហោះអាមេរិកPratt & Whitney ខណៈដែលក្រុមហ៊ុនទាំងនេះគ្រោងនឹងពង្រីកចំនួនយន្តហោះរបស់ខ្លួន ឲ្យកើនដល់ ២៦៣គ្រឿង ក្នុងពេល ៤ឆ្នាំខាងមុខ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសវៀតណាមផងដែរ លោក ត្រាំ បានអំពាវនាវឲ្យមានការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ត្រឹមត្រូវ និងមានបដិការ ជាមួយវៀតណាមផងដែរ។
គួរបញ្ជាក់ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលនៅក្នុងកាលវិភាគដំណើរទស្សនកិច្ច ១២ថ្ងៃ នៅអាស៊ី ដែលលោក ដូណាល់ ត្រាំ ដែលរួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វ៊ីលីពិន។
នៅហ្វ៊ីលីពិន លោក ដូណាល់ ត្រាំ នឹងចូលរួមប្រារព្ធខួបលើកទី៤០ នៃទំនាក់ទំនងអាមេរិក-អាស៊ាន៕