តាមរយៈសេចក្តីព្រៀងច្បាប់មួយដែលរ៉យទ័រទទួលបាន បានឲ្យដឹងថា អាមេរិកចង់ផ្តល់ថវិកា២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឧបត្ថម្ភដល់យោធាបរទេស។ យោធាបរទេសដែលសេចក្តីព្រៀងនេះចង់សំដៅដល់ គឺយោធាតៃវ៉ាន់តែម្តង។
បន្ថែមពីលើនេះ ជំនួយខាងលើ នឹងផ្តល់ឲ្យកោះតៃវ៉ាន់ សម្រាប់ទិញសព្វាវុធ និងខែលការពារផ្សេងៗ ដែលផលិតនៅសហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣២។
សេចក្តីព្រៀងច្បាប់ដដែលនេះ ក៏នឹងធ្វើអោយប្រសើរឡើង នូវការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងយោធាតៃវ៉ាន់និងអាមេរិក គូបផ្សំការអប់រំផ្នែកយោធាប្រកបដោយវិជ្ជាជីវៈ និងឱកាសបណ្តុះបណ្តាលបច្ចេកទេស នៅសហរដ្ឋអាមេរិក សម្រាប់បុគ្គលិកយោធាតៃវ៉ាន់ផងដែរ។គួរបញ្ជាក់ថា សេចក្តីព្រៀងនេះបានផ្តួចផ្តើមឡើងដោយ អ្នកនយោបាយសំខាន់ៗជាច្រើន មកពីគណបក្សសាធារណរដ្ឋ ដែលកំពុងកាន់កាប់សម្លេងភាគច្រើន នៅក្នុងព្រឹទ្ធសភាពអាមេរិក។ ការនេះនឹងឈានទៅដាក់សម្ពាធលើរដ្ឋបាលលោកចូបៃឌិន ដើម្បីរិតចំណងទាក់ទងជាមួយកោះតៃវ៉ាន់ ឲ្យកាន់តែរឹងមាំថែមទៀត។ យ៉ាងណាមិញ គេអាចដឹងបានហើយថា ទង្វើបែបនេះ ប្រាកដជាធ្វើឲ្យក្រុងប៉េកាំងមិនសប្បាយចិត្តនោះទេ។
គួរជម្រាបថា សហរដ្ឋអាមេរិកជាអ្នកលក់អាវុធធំបំផុត និងដោយបើកចំហមួយ របស់កោះតៃវ៉ាន់ ដែលថវិកាជួញដូររវាងភាគីទាំងពីរមានដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកក៏ធ្លាប់បានអះអាងដែរថា សហរដ្ឋអាមេរិកមានការតាំងចិត្តខ្ពស់ ក្នុងការជ្រោមជ្រែង និងការពារកោះតៃវ៉ាន់។ ក្រុងប៉េកាំងបានស្តីបន្ទោស ទង្វើរបស់អាមេរិក តាមរយៈការឧបត្ថម្ភ គាំទ្រ និងជាពិសេសការលក់អាវុធ និងនាវាចម្បាំង ទៅអោយកោះតៃវ៉ាន់ ថាជាការបង្កើនកំដៅក្នុងច្រកសមុទ្រតៃវ៉ាន់៕